ព័ត៌មានជាតិ

តុលាការកំពូល សម្រេចបង្វិលសំណុំរឿង លោក សេង យៀន ដែលជាប់ចោទពីបទ«ស៊ីសំណូក» លុយ ២០ម៉ឺនដុល្លារអាមេរិក ពីលោកស្រី ឧកញ៉ា ឌី ប្រឹម ទៅតុលាការ ឧទ្ធរណ៍ ដើម្បី ជម្រះសារឡើងវិញ

ភ្នំពេញ ៖ តុលាការកំពូល កាលពីពេលថ្មីៗនេះ ប្រកាសសាលក្រមដីកាលើ បណ្តឹងសារទុក្ខ របស់លោក សេង យៀន អាយុ ៦២ ឆ្នាំ ជាអតីតអគ្គនាយករងនៃនាយកដ្ឋានអធិការកិច្ចក្នុងក្រសួងអធិការ កិច្ចនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភាជាតិ ដែលត្រូវបានសាលាដំបូងរាជភ្នំពេញ កាលពីជិត១០ឆ្នាំ មុន កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារ កំណត់ ៤ ឆ្នាំ និង ៦ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើស «ស៊ីសំណូក» នូវទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការអង្កេតស្រាវជ្រាវ ដោះស្រាយទំនាស់ដីធ្លីមួយកន្លែង ទំហំជាង៥ហិកតា ដែលជាកម្មសិទ្ធិរបស់ស្រ្តីមេម៉ាយ ឈ្មោះ ហួត សារុំ អាយុ ៦៨ ឆ្នាំ ស្ថិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ ដើម្បីចេញជាលិខិតសេចក្តីជូនដំណឹងលេខ៣៨៩សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

តុលាការកំពូល បានសម្រេចបង្វិលបណ្តឹងសារទុក្ខរបស់លោកសេង យៀន ទៅកាន់ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះឡើងវិញ ពីព្រោះ នៅមានចំណុចខ្វះខាត និង សង្ស័យខ្លះ ដែល តុលាការថ្នាក់ក្រោម មិនបានលើកយកមក ពិចារណា។

យោងតាមឯកសាររបស់តុលាការបានឱ្យដឹងថា: នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទ ចំនួន ២នាក់ មានឈ្មោះ សេង យៀន ភេទ ប្រុស និង ឈ្មោះ ឌី ប្រឹម ភេទ ស្រី អាយុ ៥៩ ឆ្នាំ។

នៅក្នុងចំណោម ជនជាប់ចោទទាំង២នាក់
ជនជាប់ចោទឈ្មោះ សេង យៀន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ តាមសាលក្រមព្រហ្មទណ្ឌលេខ១៣៥ «កប៤» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៤ឆ្នាំ និង ៦ខែ និង ពិន័យជាប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិកពីបទ«ស៊ីសំណូក» ។

ចំណែកឯ ជនជាប់ចោទឈ្មោះ ឌី ប្រឹម ត្រូវដាក់ពន្ធនាគារកំណត់២ឆ្នាំ និង ៦ខែពីបទ«សូកប៉ាន់»។

ជនជាប់ចោទបានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២១ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល ក៏ប៉ុន្តែ បានកែប្រែទោសពៃ ជនជាប់ចោទឈ្មោះ ឌី ប្រឹម ពី ជាប់គុកចំនួន ២ ឆ្នាំ ៦ឆ្នាំ មកនៅត្រឹម ២ ឆ្នាំវិញ តែ ការអនុវត្តន៍ទោស នៅក្នុងពន្ធនាគារ គឺ ត្រូវព្យូរទាំងអស់។

លោក សេង យៀន ត្រូវតុលាការចោទប្រកាន់ពី«បទទទួលប្រាក់សំណូក» ចំនួន២០ម៉ឺនដុល្លារ ពីអ្នកស្រី ឌី ប្រឹម សម្រាប់ធ្វើការ និងស្រាវជ្រាវពីជម្លោះដីធ្លីមួយ នៅសង្កាត់កាកាប ខណ្ឌដង្កោ និងបានសុំឲ្យចេញសេចក្ដីជូនដំណឹងក្លែងក្លាយ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៨ខែមីនា ឆ្នាំ២០០៨។

អ្នកស្រី ឌី ប្រឹម ត្រូវចោទប្រកាន់ពីបទ«យកលុយទៅសូកប៉ាន់លោក សេង យៀន» ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៩ យោងតាមពាក្យបណ្ដឹងរបស់ក្រសួងអធិការកិច្ច និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភាជាតិ។

គួររំលឹកថា: នាពេលសវនាការ កាលពីថ្ងៃ ទី ១៩ ខែ សីហា ឆ្នាំ ២០២២, លោក សេង យៀន ដែលមានវ័យចំណាស់ និង មានជម្ងឺប្រចាំកាយផង បានឆ្លើយ បដិសេធយ៉ាងដាច់អហង្ការថា លោកពុំបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ និង ការផ្តន្ទាទោស រូបគាត់ អំពីសំណាក់តុលាការថ្នាក់ក្រោមនោះទេ។

លោកសុំឱ្យ ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល មេត្តា ជួយរកការពិត និង ផ្តល់យុត្តិធម៌ ដល់រូបគាត់ផង ៕ ដោយ: លីហ្សា

To Top