ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាល នៃការរីកចម្រើន និងអភិវឌ្ឍន៍តំបន់អាស៊ាន មានបញ្ហាប្រឈមផ្សេងៗ កើតឡើងជាបន្តបន្ទាប់ រួមមាន៖ បញ្ហាភូមិសាស្ត្រនយោបាយ សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ច ផងដែរ។
កិច្ចប្រជុំឆ្នាំលើកទី៥ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) តាមប្រព័ន្ធ Video Conference សម្ដេច ស ខេង បានរំលឹកឡើងវិញអំពីដំណើរការ របស់អាស៊ានដែលរហូតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំហើយ ដោយបានដំណើរការ ដោយឈរលើស្មារតីស្នូល «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ»។
សម្ដេចបន្ដថា សន្តិភាព និងស្ថេរភាពដែលអាស៊ានទទួលបាន អស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក បានធ្វើឲ្យអាស៊ានក្លាយជាតំបន់ មានការរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវកំណើន និងការអភិវឌ្ឍខ្ពស់ ដោយបានរួមចំណែកកែលម្អជាលំដាប់ នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះ អាស៊ានក៏ទទួលបានការចាប់អារម្មណ៍ ពីសហគមន៍អន្តរជាតិ ក្នុងការពង្រឹង និងពង្រីកកិច្ចសហការជាដៃគូរ ប្រកបដោយសក្តានុពល និងគ្រប់ជ្រុងជ្រោយផងដែរ។
សម្ដេចបញ្ជាក់ថា «តែស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើន និងអភិវឌ្ឍន៍នៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗ បានកើតឡើងជាបន្តបន្ទាប់ រួមមាន បញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសុខភាពសាធារណៈ និងបញ្ហាសង្គម សេដ្ឋកិច្ចផងដែរ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ប្រឹងប្រែងរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនោះ បានប្រកបដោយប្រសិទ្ធភាព»។
លើសពីនេះ សម្ដេច ស ខេង លើកឡើងថា ទោះបីអាស៊ាន ត្រូវឆ្លងកាត់វិបត្តិកូវីដ-១៩ ជាសកលក៏ដោយ ក្នុងឆ្នាំនេះអាស៊ានបានសម្រេច សមិទ្ធផលធំៗមួយចំនួន ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយក៏បានធ្វើការយ៉ាងស្វិតស្វាញក្នុងការ បញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) និងនាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥ ដោយបានស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមទាំង ផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាសង្គម សេដ្ឋកិច្ចដែលកំពុងកើតមាន ៕