ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍យុវជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការ រួមភេទជាក្មេងស្រីអនីតិជន ជាសង្សារ

ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ យុវជន ជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណី រួមភេទជាមួយក្មេងស្រីម្នាក់ អាយុ ១៣ ឆ្នាំ ត្រូវជាសង្សារនឹងគ្នា និង ស្គាល់គ្នា តាមរយៈលេងហ្វេសប៊ុក ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០២០ ។

លោក គី ឬទ្ធី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ៖គឹម ជីរ័ន្ត ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរជាងឈើ មានទីលំនៅ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ គឹម ជីវ័ន្ដ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ ” រួមភេទជាមួយអនីតិជន អាយុ ក្រោម ១៥ ឆ្នាំ ” តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្សនិង អំពើអាជីវកម្មផ្លូវភេទ ។

តែគាត់ បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីថ្ងៃទី ១៥ ខែ កក្កដា ២០២០ ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅថ្ងៃ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ៕ ដោយ: លីហ្សា

To Top