ព័ត៌មានជាតិ

ឃាត់ខ្លួនគ្រូមន្តអាគម-អូមអាមម្នាក់ ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស នារីលក់ឡេអនឡាញ ចំនួន ៣នាក់

ភ្នំពេញ ៖ បុរសតាំងខ្លួន ជាគ្រូមន្តអាគម-អូមអាមម្នាក់ កាលពីរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ធ្វើការចាប់ឃាត់ តាមបណ្តឹងរបស់នារីលក់ឡេតាមអនឡាញ ចំនួន៣នាក់ ដែលបានប្តឹង និង ចោទប្រកាន់គាត់ថា បានប្រព្រឹត្តអំពីបៀតបៀនផ្លូវភេទ និង កេរ្តិ៍ខ្មាស ទៅលើ ពួកគ ប្រព្រឹត្ត នៅក្នុងចំណុច បុរីកសិកម្មចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រព្រឹត្ត កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានឱ្យដឹងថា: ជនសង្ស័យរូបនេះ មានឈ្មោះ ឃួន ដារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ តែ គាត់បានតាំងខ្លួន ជាគ្រូមន្តអាគម-អូមអាម និង ជាគ្រូថ្នាំងបូរាណ មានទីលំនៅភូមិហប់ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកឯ នារីជនរងគ្រោះទាំង៣នាក់ មាន ទី១ មានអាយុ ១៨ ឆ្នាំ មុខរបរកម្មករលក់ផលិតផលអនឡាញ ស្នាក់នៅផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី ២ មាន អាយុ២១ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ, និង ទី៣ មាន អាយុ៣៤ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅ បុរីកសិកម្មចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងតែឃាត់ខ្លួន ជាបណ្ដោះអាសន្ន ដើម្បីសាកសួរ ចម្លើយ នៅអធិការដ្ឋានខណ្ឌដង្កោ នៅឡើយ៕ ដោយ: លីហ្សា

To Top