ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌​ ៖​ សកម្មភាពទាំងឡាយណា​ បង្កភាពវឹកវរក្នុងសង្គម ជាអំពើល្មើសច្បាប់​ ខណៈសមត្ថកិច្ចមានសិទ្ធិបង្ការ

ភ្នំពេញ​ ៖​ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា សកម្មភាពទាំងឡាយណា​ បង្កភាពវឹកវរក្នុងសង្គម ជាអំពើល្មើសច្បាប់​ ខណៈសមត្ថកិច្ចមានសិទ្ធិក្នុងការបង្ការ​ និងទប់ស្កាត់។

ការលេីកឡេីងរបស់​ អ្នកនាំពាក្យបែបនេះ​ បន្ទាប់ពី​ លោកខឹម​ វាសនា ប្រធានគណបក្សសម្ព័ន្ធ​ ដើម្បីប្រជាធិបតេយ្យ បានរៀបចំការប្រមូលផ្ដុំ មនុស្សរាប់ម៉ឺននាក់ នៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់​ លោក​ គឹម​ សន្ដិភាព​ នាថ្ងៃទី៣០​ សីហា​ នេះ​ បានសរសេរថា​ “សកម្មភាពទាំងឡាយណា ដែលនឹងបង្កភាពវឹកវរក្នុងសង្គម ជាអំពើល្មើសច្បាប់!​ សមត្ថកិច្ចមានសិទ្ធិអំណាចក្នុងការបង្ការ និងទប់ស្កាត់អំពើល្មើសទាំងនេះ!”។

សូមរំលឹកថា​ អាជ្ញាធរខេត្តសៀមរាប​ បានសេចក្តីជូនដំណឹងថា នឹងមិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅចម្ការរបស់លោក ខឹម វាសនា ទៀតឡើយ ពោលគឺត្រូវតែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២​នេះ​ ជាដាច់ខាតផងដែរ៕

To Top