ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា នឹងមានផ្លូវរថភ្លើង ក្រោមដី ពីភ្នំពេញភ្ជាប់ទៅខេត្តកណ្តាល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ កម្ពុជានឹងមានផ្លូវរថភ្លើងក្រោមដី ភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល និងផ្លូវអាកាសបន្ថែមទៀត ដើម្បីធ្វើការបញ្ចៀស ការកកស្ទះចរាចរណ៍ក្នុងក្រុងភ្នំពេញ ។

ដោយសម្តេចអះអាងថា កាលពីមុនមានគម្រោងសាងសង់រថភ្លើងលើអាកាស ប៉ុន្តែដោយសារតែកាត់លើដំបូលផ្ទះប្រជាពលរដ្ឋ ខ្លាចក្រែងរំខាន់ពួកគាត់ ក៏សម្រេចមកសិក្សា លើរថភ្លើងក្រោមដីវិញម្តងទៅ ដោយគម្រោងថវិកា គឺជប៉ុនជាអ្នកជួយ ។

ក្នុងពិធីសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសចំនួន២បន្ថែម នាព្រឹកថ្ងៃ៣១ សីហា សម្តេចតេជោ បានមានប្រសាសន៍ថា «លទ្ធភាពនៅទីក្រុងភ្នំពេញ មិនត្រឹមមានលទ្ធភាពរថភ្លើងអាកាសតែប៉ុណ្ណឹងនោះទេ ដូចដែលមុននេះ អង្គការចៃការបានសិក្សា ហើយយើងបានសិក្សាជាមួយជប៉ុននឹងជួយ ប៉ុន្តែបើយើងយកលុយចំនួន១៨០០លានដុល្លារ មកធ្វើរថភ្លើងអាកាសកាត់លើផ្ទះប្រជាពលរដ្ឋអត់ទេ ។ ជម្រើសយើងនៅថ្ងៃក្រោយ គឺយើងធ្វើផ្លូវរថភ្លើងក្រោមដីវិញ ដោយចេញពីក្រុងភ្នំពេញ ទៅខេត្តកណ្តាល ។ ជំនាន់ណាមិនទាន់ដឹងទេ តែជំនាន់ក្មេងមានវិស្វករ គេអាចធ្វើបាន»។

សម្តេចបន្ថែមថា បើតាមការសិក្សាពីការធ្វើផ្លូវរថភ្លើងក្រោមដី «ខ្ញុំទៅជប៉ុនជិះរថភ្លើង» អាចមកប្រៀបធៀបក្នុងការធ្វើនៅកម្ពុជា។ ប៉ុន្តែបើសិនជប៉ុនជួយជិត២០០លានដុល្លារ យកមកប្រើប្រាស់តែក្នុងទីក្រុងភ្នំពេញមិនសមភាពនោះទេ ខណៈតម្រូវការស្ពាននៅតាមដងទន្លេ មានជាច្រើនទៀតត្រូវប្រើ ។

សម្តេចក៏បានលើកឡើងថា វិធីដោះស្រាយបញ្ហាកកស្ទះបច្ចុប្បន្ន គឺមានតែធ្វើស្ពានអាកាសបន្ថែមទៀត នៅចំណុចនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ៕

To Top