ភ្នំពេញ ៖ “ដកអភិបាលក្រុងតាខៅ្មដោយសារមិនធ្វើផ្លូវ” នេះក៏ជាសារមួយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់អភិបាលក្រុងតាខ្មៅថ្មីផងដែរ ក្រោយចូលកាន់តំណែងបានប្រហែលមួយសប្តាហ៍កន្លងមក ឲ្យចេះយកចិត្តទុកដាក់មើលផ្លូវណាដែលរងការខូចខាតជាដំណំ ត្រូវជួសជុលឡើងវិញ ។
ក្នុងពិធិបើកការរដ្ឋានសាង់សងស្ពានអាកាសបន្ថែម២កន្លែងទៀត ក្នុងរាជធានីភ្នំពេញ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា ការដកអភិបាលក្រុងតាខៅ្មកន្លងមកនេះ ដោយសារមិនធ្វើការពិនិត្យធ្វើផ្លូវពិសេសពេលគេចុះធ្វើផ្លូវ មិនដឹងនៅទីណាទេ។
សម្តេចថា «សូមអភិបាលខណ្ឌ ក៏ដូចជាអភិបាលរាជធានី ក៏ដូចជាអភិបាលរងនានាដែលជាអ្នកទទួលខុសត្រូវ ពិសេសផ្នែក សាធារណការ មើលផ្លូវ ព្រមាន និងដាស់តឿនឲ្យមើលផ្លូវ ថ្ងៃមុន ខ្ញុំដកចៅហ្វាយក្រុងតាខៅ្ម (អភិបាលក្រុង)ដោយសារមិនមើលផ្លូវ»។
សម្តេចថា «ខ្ញុំនឹងរងចាំមើលតើចៅហ្វាយខេត្តកណ្តាលមួយណាដែលធ្វើផ្លូវព្រែកហូរ ត្រូវបានចាក់ផ្លូវបេតុងឲ្យបានច្រើនជាងគេ។ ចៅហ្វាយខេត្តអស់ច្រើនហើយ តែអត់មានចៅហ្វាយខេត្តណា បានល្អនោះទេ» ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ការធ្វើផ្លូវពីគល់ស្ពានព្រែកហូរទៅផ្លូវជាតិលេខ២នោះ គឺសម្តេចបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើ ប៉ុន្តែមកដល់ចំណុចខាងស្តាំដៃជង្ហុកនៅមានដដែល។
ករណីផ្លូវខូចគ្មានអ្នកធ្វើនេះ សម្តេចតេជោ ក៏បានលើកឡើងថា សម្តេចបានសួរទៅអភិបាលខេត្តកណ្តាលផងដែរ ហើយបានសួរថាហេតុអ្វី បានជាផ្លូវខូចប៉ុណ្ណឹងមើលមិនឃើញ។
សម្តេចគូសបញ្ជាក់ថា «អីចឹងទេរឿងផ្លូវហ្នឹង តែមួយថ្ងៃទេ បញ្ជាឲ្យដកអភិបាលក្រុងតាខៅ្មចេញ។ ដាក់ថ្មី ហើយខ្ញុំចាំមើលអភិបាលក្រុងតាខៅ្មថ្មីនេះ ធ្វើផ្លូវឬអត់» ។
សូមបញ្ជាក់ថា កាលពីថ្ងៃ២៥ សីហា លោក ឃឹម សំភារ ត្រូវបានប្រកាសចូលកាន់តំណែងអភិបាលក្រុងតាខ្មៅជាផ្លូវការ ជំនួសលោក នូ សុវណ្ណរ៉ា ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ។ មុនមកកាន់ជាអភិបាលក្រុងតាខ្មៅ លោក ឃឹម សំភារ ជាអភិបាលរងស្រុកខ្សាច់កណ្តាល ៕