ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជា ស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម សម្រាប់បម្រើឲ្យអ្នកប្រើប្រាស់ ជាអតិថិជនប្រមាណ ៦៥៥លាននាក់។
នាឱកាសអនុញ្ញាត ឲ្យគណៈប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់ របស់ក្រុមហ៊ុនFedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ នាថ្ងៃ៣០ សីហា លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជា បានធ្វើការបញ្ចប់ ផែនការមេ ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងភស្តុភារកម្ម ដែលត្រូវការទុនអនុវត្តប្រមាណជាង ៥០ពាន់លានដុល្លារ ដែលនឹងដាក់ឆ្លងគណ:រដ្ឋមន្រ្តី នាពេលឆាប់ខាងមុខ ។
លោកបន្ដថា ក្រសួងក៏បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន YCH សិង្ហបុរី និងក្រុមហ៊ុន Worldbridge ដើម្បីចាប់ផ្តើមអភិវឌ្ឍ មជ្ឈមណ្ឌលភស្តុភា រកម្មទីក្រុងភ្នំពេញ ។ លោកថា ក្រសួងក៏គ្រោងចាប់ផ្តើមអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងព្រះសីហនុ នៅពេលខាងមុខ និងកំពុងស្វែងរកការ វិនិយោគលើវិស័យសំខាន់មួយចំនួនទៀត ជាពិសេសការវិនិយោគមជ្ឈមណ្ឌល ដឹកទំនិញតាមផ្លូវអាកាសតំបន់ផងដែរ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា «សារសំខាន់ នៃទីតាំងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម មួយសម្រាប់បម្រើឲ្យអ្នកប្រើប្រាស់ដែលជាអតិថិជន ប្រមាណ ៦៥៥លាននាក់ ព្រមទាំងជាចំណុចកណ្តាល នៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់បម្រើឱ្យអតិថិជនប្រមាណ ៣៣៤លាននាក់ផងដែរ»។
លោកបានសំដែងនូវការគាំទ្រ យ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវការហោះហើរ មកផ្ទាល់នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជា និងបានស្នើក្រុមហ៊ុនជួបពិភាក្សា ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានណែនាំឲ្យមន្ត្រីជំនាញ ពាក់ព័ន្ធរបស់ក្រសួងជួយសម្របសម្រួល ដើម្បីក្រុមហ៊ុនអាចពង្រីក ប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅកម្ពុជាបានល្អប្រសើរ។
នាឱកាសនោះ លោកអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនដឹកជញ្ជូន FedEx បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា កាន់តែមានការរីកចម្រើន ក៏ដូចជា ពង្រីកទំនាក់ទំនងរវាងអាមេរិក-កម្ពុជាបន្ថែមទៀត៕