ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យស្រី-ប្រុស២នាក់ ក្រោយឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃមកពីក្រៅប្រទេស។
បច្ចុប្បន្នជនសង្ស័យ ត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
អំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់នេះ បញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន១៧,៥០០ដុល្លារ តាមរយៈវីងលេខ 078 654 172 ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប ៩,១២០ដុល្លារ។
ប៉ុន្តែក្រោយពីផ្ញើប្រាក់រួច ជនរងគ្រោះទាក់ទងលែងបាន ។ ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថា ចាញ់បោកគេ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យ ជនរងគ្រោះផ្ញើប្រាក់បន្ថែម ៥០០០ដុល្លារទៀត នឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះ បានរាយការណ៍មក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើប ឃាត់ខ្លួនជនសង្ស័យបាន ខណៈកំពុងចូលទៅដកប្រាក់នៅទីតាំងវីង មួយកន្លែង ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕