ភ្នំពេញ ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជា ទទួលផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងផ្នែករឹង ។
ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ (7th Belt and Road Summit) នៅទីក្រុងហុងកុង នាថ្ងៃទី៣១ សីហា លោក លឹម ស៊ីដេនីន បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាកាតាលីករថ្មី សម្រាប់ការរីកចម្រើន សេដ្ឋកិច្ចរបស់ពិភពលោក និងជាវេទិកាសម្រាប់កិច្ច សហប្រតិបត្តិការពិភពលោក លើវិស័យជាច្រើន រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងវិនិយោគ។
លោកគូសបញ្ជាក់ថា «កម្ពុជា បានទទួលផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងជំរុញការតភ្ជាប់ក្នុងប្រទេស និងក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងធ្វើឲ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មរបស់កម្ពុជា»។
ក្រៅពីការជំរុញការតភ្ជាប់សង្គម វប្បធម៌ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ច លោករដ្ឋលេខាធិការ បានបន្ថែមថា គំនិតផ្តួចផ្តើមខាងលើ ក៏បានជួយកម្ពុជាក្នុងការពន្លឿន ការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិ ទៅក្នុងតំបន់ផងដែរ ។ បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មហាមិត្តចិន ដែលបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាំងពីដើមរហូតមក។
សូមរំលឹកថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ផ្តោតសំខាន់ ទៅលើការកសាង ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូន តាមផ្លូវគោក និងផ្លូវទឹក សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ ៕