ភ្នំពេញ: ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិចិន ម្នាក់ កាលពីរសៀលថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ: ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន និង ប្រឈមនឹងការជាប់ពន្ធនាគារ រហូត អស់មួយជីវិត ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួនជាង ១០០ គីឡូក្រាម ពីព្រំដែនឡាវ ចូលមកខេត្ត ព្រះវិហារ ប្រព្រឹត្តកាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ នៅក្នុងខេត្តព្រះវិហារ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ បានឲ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ។
បុរសត្រូវចោទចិន រូបនេះ ត្រូវបាន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ និង ដកហូតបានគ្រឿងញៀន ប្រភេទ កេតាមីន(KETAMINE) ចំនួន ១០០ដុំ ស្មើទម្ងន់ ១០០ គីឡូក្រាម និង ៨០ក្រាម, រថយន្ត ១គ្រឿង និង ទូរស័ព្ទដៃ ១គ្រឿង ពីគាត់៕
ដោយ: លីហ្សា