បរទេស៖ មន្រ្តីកោះតៃវ៉ាន់បាននិយាយថា ខ្លួនត្រូវបានបង្ខំចិត្តឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលហោះហើរនៅចន្លោះឆ្នេរសមុទ្រចិន និងកោះដែលគ្រប់គ្រងដោយទីក្រុងតៃប៉ិ ដោយអះអាងថា ខ្លួនកំពុងអនុវត្តសិទ្ធិការពារខ្លួនខណៈដែលបង្ហាញថា ទីក្រុងប៉េកាំងនៅពីក្រោយការលុកលុយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Su Tseng-chang បានបញ្ជាក់ពីឧប្បត្តិហេតុទៅលើយន្តហោះគ្មានមនុស្សបើកក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ដោយនិយាយថា យន្តហោះគ្មានមនុស្សបើក UAV “ស៊ីវិល” មិនស្គាល់អត្តសញ្ញាណបានចូលដែនអាកាសរបស់កោះតៃវ៉ាន់កាលពីថ្ងៃមុន ហើយត្រូវបានបាញ់ទម្លាក់ដោយយោធា។
លោកបានមានប្រសាសន៍បន្ថែមថា “ពួកគេបានព្រងើយកន្តើយនឹងការព្រមានរបស់យើងក្នុងការឱ្យចាកចេញម្តងហើយម្តងទៀត ហើយយើងគ្មានជម្រើសអ្វីក្រៅតែពីអនុវត្តការការពារខ្លួន និងបាញ់នោះទេ។ នេះជាប្រតិកម្មដ៏សមស្របបំផុត»។ ចិនគួរតែអនុវត្តការអត់ធ្មត់។
ទោះជាយ៉ាងណាក៏ដោយ ការិយាល័យកិច្ចការតៃវ៉ាន់របស់ទីក្រុងប៉េកាំងបានបដិសេធន៍សេចក្តីថ្លែងការណ៍របស់លោក Su ដោយនិយាយថា ការប៉ុនប៉ងរបស់កោះនេះដើម្បី “បង្កើនការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរគឺគួរឱ្យអស់សំណើចខ្លាំងណាស់” ។
ប្រភពដើមពិតប្រាកដនៃយន្តហោះគ្មានមនុស្សបើក នៅតែមិនច្បាស់លាស់ ទោះបីជាយោធាកោះតៃវ៉ាន់បាននិយាយថា វាត្រូវបានបាញ់បន្ទាប់ពីចូលទៅក្នុងដែនអាកាសដែលមានកម្រិតនៅជិតកោះ Lion ដែលស្ថិតនៅចម្ងាយត្រឹមតែ ៤,៨ គីឡូម៉ែត្រ ភាគខាងកើតនៃឆ្នេរសមុទ្រចិន។ យោងតាមកាសែតតៃប៉ិ បានឲ្យដឹងថា យាននេះបានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីវាត្រូវបានបាញ់៕ប្រែសម្រួលៈ ណៃ តុលា