ព័ត៌មានជាតិ

គុយបា សសើរកម្ពុជា  ក្នុងការដោះស្រាយបញ្ហា ប្រឈមនានា ជាមួយនឹង ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ (Video)

ភ្នំពេញ៖ នៅចំពោះមុខ ប្រមុខការទូតកម្ពុជា លោកGerardo Geñalver Portal អនុរដ្ឋមន្រ្តីការបរទេសទី១ នៃសាធារណរដ្ឋគុយបា បានឱ្យដឹងថា រដ្ឋាភិបាលគុយបា បានកោតសរសើរចំពោះកម្ពុជា ក្នុងនាមប្រធានអាស៊ាន ដែលដោះស្រាយបញ្ហាប្រឈមនានា ជាមួយនឹង «ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»។ 

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារជាមួយ លោកGerardo Geñalver Portal អនុរដ្ឋមន្រ្តីការបរទេសទី១ នៃសាធារណរដ្ឋគុយបា អំពីការត្រៀមរៀបចំសម្រាប់ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ជាមួយក្តីរំពឹងទុកយ៉ាង មុតមាំថា ការផ្លាស់ប្តូរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអនុរដ្ឋមន្រ្តីការបរទេសទី១ Gerardo Geñalver Portal ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេស នៅក្នុងវិស័យសុខាភិបាល អប់រំ និងកីឡា និងបានសម្តែងនូវចំណាប់អារម្មណ៍ ក្នុងពង្រឹងកិច្ចសហ-ប្រតិបត្តិការ នៅក្នុងវិស័យទាំងនេះបន្ថែមទៀត។

 លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការផ្លាស់ប្តូរ ពាណិជ្ជកម្មទ្វេភាគីដែលនៅមានទំហំតូចនៅឡើយ ព្រមទាំងបានផ្តល់អនុសាសន៍ ឱ្យកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាង ប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ រិះរកវិធីនិងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត។

លោក Gerardo Penalver Portal បានកោតសរសើរ ចំពោះជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតប ដោយសម្តែងនូវចំណាប់អារម្មណ៍ ចំពោះកម្លាំងសេដ្ឋកិច្ច របស់ប្រទេសគុយបា។ 

ក្នុងជំនួបនេះភាគីទាំពីរ បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងគុយបា ផងដែរ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះការចូលរួមរបស់គុយបាក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅឆ្នាំ២០២០។ លោកឧបនាយករដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវអំពីបញ្ហាក្តៅ និងការប្រឈមនានា ដែលកម្ពុជាបាននិងកំពុងប្រឈមក្នុងនាមប្រធានអាស៊ានប្តូរវេន។ 

លោក Gerardo Penalver Portal បានអបអរសាទរចំពោះតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរកម្ពុជា សម្រាប់ការដោះស្រាយការ ប្រឈមទាំងនោះជាមួយនឹង «ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកអនុរដ្ឋមន្ត្រីការបរទេសទី១ Gerardo Peñalver Portal ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍រួម និងមានការប្តេជ្ញាចិត្តរួមគ្នា បន្តការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕

To Top