ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដោយអគ្គនាយករង និងសហការី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប តាមបែបទំនើប ដែលផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដែលជាការដាំដុះសាកល្បងលើកទី១ លើផ្ទៃដី៣៥០ហិកតា របស់ក្រុមហ៊ុន ហ្គាងស៊ីហេងបារហ្វេង អេគ្រីខាលឈឺរ៉ល ឌីវេឡុបម៉ិន។

នៅក្នុងនោះ បើតាមការលើកឡើងពីខាងក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងធ្វើការដាំដុះ សាកល្បងលើកទី២ នារដូវប្រាំងខាងមុខនេះ ប្រសិនផ្តល់ទិន្នផល ប្រមាណ ៧,៥ តោន ក្នុងមួយហិកតាដដែលនោះ ក្រុមហ៊ុន នឹងពង្រីកផ្ទៃដីដាំដុះ រហូតដល់ ១៥០០ ហិកតា ។
បន្ទាប់ពីកម្មវិធីខាងលើនេះ លោកបណ្ឌិត កៅ ថាច អមដោយអគ្គនាយករង និងសហការី ក៏បានបន្តចុះពិនិត្យស្រះចិញ្ចឹមបង្កងទឹកសាប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ៕











