ព័ត៌មានជាតិ

សម្ដេច ស ខេង ដឹកនាំប្រជុំពិនិត្យសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។

នាឱកាសនោះ សម្ដេច ស ខេង បានរំលឹកថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំ តាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំ ពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ ដោយមានការចូលរួមពីភាគី ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។

សម្ដេចបន្តថា កិច្ចពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់នេះ ក៏មានការចូលរួមពីក្រុមហ៊ុនធំៗអាមេរិកចំនួន៥ ហើយសម្រាប់ភាគីកម្ពុជាវិញ មានការចូលរួមពីអន្តរក្រសួង រួមមាន ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌។

នាឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍អំពីដំណើរការ នៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មុននឹងសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ បានបន្តពិភាក្សាលម្អិតលើខ្លឹមសារ នៃសេចក្ដីព្រាងច្បាប់នេះ។

សេចក្ដីព្រាងច្បាប់ដែលមាន ៨ជំពូកនិង ៥០មាត្រានេះ មានគោលបំណងធានាសុចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាព បុគ្គលដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។

សេចក្ដីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះ បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬក្រៅកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យ ប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់កម្ពុជា ៕

To Top