ព័ត៌មានជាតិ

លោក ហោ ណាំហុង ៖ ខ្ញុំជឿថា ប្រជាជនយើងស្គាល់ក្រយ៉ៅ ក្រឡិចក្រឡុច ភូតកុហក សម រង្ស៊ី (Video)

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរទាំងអស់ពិតជាបានស្គាល់ក្រយ៉ៅ ក្រឡិចក្រឡុចភូតកុហក របស់ទណ្ឌិត សម រង្ស៊ី។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរនេះ បន្ទាប់ពីលោក សម រង្ស៊ី បង្ហោះតាមហ្វេសប៊ុកថា លោក ហោ ណាំហុងហ៊ានប្ដឹងលោកនៅបារាំង ហើយបានចាញ់ក្តីខ្លួន ខណៈបណ្តឹងរបស់លោក ហោ ណាំហុងប្តឹងលោក សម រង្ស៊ីកាលពីឆ្នាំ២០១០ ត្រូវបានតុលាការបារាំងកាត់ក្តី ឲ្យអតីតរដ្ឋមន្រ្តីការបរទេសខ្មែររូបនេះ ឈ្នះលោក សម រង្ស៊ីពីបទបរិហារកេរ្តិ៍ ។

ការមានប្រសាសន៍របស់លោក ហោ ណាំហុង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ៦ កញ្ញា នេះ ស្របពេលមានការតតាំងក្តីគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ឌី វិជ្ជា ជាមួយលោក សម រង្ស៊ីដែលតុលាការប្រទេសបារាំងបានបើកសវនាការនាថ្ងៃ១ កញ្ញា កន្លងមក ក្នុងករណីលោក សម រង្ស៊ីចោទប្រកាន់សម្តេចតេជោ ជាអ្នកសម្លាប់លោក ហុក ឡង់ឌី អតីតស្នងការក្រុងភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨ ខណៈលទ្ធផលនឹងប្រកាសនៅខែក្រោយ។

តាមរយៈខ្លឹមសាររបស់លោក ហោ ណាំហុង ក្នុងហ្វេសប៊ុកលោកបានបង្ហាញពីសាលក្រម និងសាលដីការបស់សាលាដំបូងបារាំងនៅឆ្នាំ២០០៩ និងសាលដីការបស់សាលាឧទ្ធរណ៍នៅឆ្នាំ២០១០ និងសាលដីកាតុលាការកំពូលបារាំងនៅឆ្នាំ២០១១ អំពីការកាត់ឲ្យលោកសម រង្ស៊ី បរិហាកេរ្តិ៍ លោកពិតមែន ។ ក្នុងនោះ តុលាការកំពូលបានកាត់ថា លោកសម រង្ស៊ី បានបរិហាកេរ្តិ៍ ហោ ណាំហុង ក៏ប៉ុន្ដែ បានអភ័យទោសឲ្យលោកសម រង្ស៊ី ដោយ «សុទ្ធចិត្ត»។

លោកសង្កត់ធ្ងន់ថា “ខ្ញុំជឿថា ប្រជាជនយើងទាំងអស់ស្គាល់នូវក្រយ៉ៅ ក្រឡិចក្រឡុចភូតកុហក របស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានបង្ហោះតាមហ្វេសបុករបស់ខ្លួនថា ខ្ញុំហ៊ានប្ដឹងខ្លួន នៅប្រទេសបារាំង បានចាញ់ខ្លួន។ នេះជាធាតុពិតនៃជនពុំមានសីលធម៌ទាល់តែសោះ តាមពិតតុលាការដំបូងបារាំង នៅឆ្នាំ២០០៩ កាត់ឲ្យ សម រង្ស៊ី បរិហាកេរ្តិ៍ខ្ញុំ។ នៅឆ្នាំ២០១០ តុលាការឧទ្ធរណ៍បារាំងក៏បញ្ជាក់ថា សម រង្ស៊ី បានបរិហាកេរ្តិ៍ខ្ញុំទៀត។ នៅឆ្នាំ២០១១ តុលាការកំពូលបារាំងបានបញ្ជាក់ លក្ខណៈបរិហាកេរ្តិលោក ហោ ណាំហុង តែបានអភ័យទោស សម រង្ស៊ី ដោយសុទ្ធចិត្ត»៕

To Top