ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនជានិច្ច សម្រាប់កិច្ចប្រតិបត្តិការ ជាមួយអាល្លឺម៉ង់ ដើម្បីផលប្រយោជន៍ ប្រជាជនទាំង២ប្រទេស (Video)

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាត្រៀមខ្លួនជានិច្ច សម្រាប់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអាល្លឺម៉ង់ ដើម្បីផលប្រយោជន៍ ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

នាឱកាសអនុញ្ញាតឲ្យលោក Stenfan Anton Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេច សាយ ឈុំ បានកត់សម្គាល់ដោយសេចក្តីរីករាយ ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ។

សម្តេច មានជំនឿថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោកនឹងបន្តខិតខំថែរក្សា ប្រពៃណីដ៏ល្អ នៃចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់ មកហើយឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សម្តេចប្រមុខរដ្ឋស្តីទី គូសបញ្ជាក់ថា «ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តម ក៏ដូចជាស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ» ។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា តាមរយៈបេសកកម្មការទូត របស់លោក នៅកម្ពុជា លោកនឹងខិតខំរួមចំណែក ពង្រឹងពង្រីក ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និង ប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត៕

To Top