ព័ត៌មានជាតិ

ពន្ធដារ ក្រើនរំលឹកដល់ម្ចាស់ អចលនទ្រព្យ ទៅបង់ពន្ធ ឱ្យទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ កញ្ញា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹក ដល់ម្ចាស់ អចលនទ្រព្យទាំងអស់ ដែលមិនទាន់បំពេញ កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញ មកប្រកាសបង់ពន្ធឱ្យបានទាន់ ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ ប្រភេទទាំងនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ នេះ បានអស់លទ្ធភាពប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាព អសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់ អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ»។

អគ្គនាយកដ្ឋានពន្ធដារ បន្ដថា ចំពោះការខកខានមិន បានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវ រងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន ។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ច សារពើពន្ធឱ្យបានទាន់ពេលវេលា កំណត់ខាងលើ ជាពុំខាន៕

To Top