ព័ត៌មានជាតិ

ប្រកាសចូលកាន់តំណែង ប្រធានមន្ទីរធម្មការ និងសាសនា អភិបាលខេត្តកំពង់ចាម ណែនាំឲ្យរក្សាសាមគ្គីភាពផ្ទៃក្នុង និង ខិតខំអភិវឌ្ឍន៍បន្ត

កំពង់ចាម ៖ នារសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ លោក រ៉េត សារ៉ាត ត្រូវបានប្រកាស ចូលកាន់តំណែង ជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យរក្សា សាមគ្គីភាពផ្ទៃក្នុង និង ខិតខំអភិវឌ្ឍន៍បន្ត ។

លោកអភិបាលខេត្ត បានថ្លែងណែនាំដល់លោកប្រធានមន្ទីរ ទើបប្រកាសចូលកាន់តំណែង នូវគោលការណ៍ ៩ចំណុច ដើម្បីអនុវត្ត ដូចខាងក្រោម ៖

ទី១ ៖-ត្រូវបន្តនិរន្តភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ

ទី២ ៖ ត្រូវមានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់

ទី៣ ៖ ត្រូវមានរបៀប របបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំ

ទី៤ ៖ ត្រូវបន្តសហការឱ្យបានល្អជាមួយព្រះមន្ត្រីសង្ឃទាំងពីរគណៈ

ទី៥ ៖ ត្រូវបន្តសហការឱ្យបានល្អ ជាមួយមេដឹកនាំពាហិរសាសនា មានសាសនាឥស្លាម គ្រឹស្តសាសនា និងសាសនាផ្សេងៗទៀត

ទី៦ ៖ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងនូវវិស័យពុទ្ធិកសិក្សា ដែលជាការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសាសនា

ទី៧ ៖ ត្រូវយកចិត្តទុកដាក់រក្សា ឱ្យបាននូវសុខដុមនីយកម្ម ក្នុងសាសនា

ទី៨ ៖ ត្រូវយកចិត្តទុកដាក់ បណ្តុះបណ្តាលសមត្ថភាព មន្ត្រីរាជការក្រោមឱវាទជាប្រចាំ

ទី៩ ៖ យកចិត្តទុកដាក់ក្នុងការកែលម្អសោភណភាព អនាម័យ បរិស្ថានទាំងក្នុង និងក្រៅបរិវេណមន្ទីរ៕

To Top