ព័ត៌មានជាតិ

ក្រសួងការបរទេសខ្មែរ បំភ្លឺករណីជនបរទេស ត្រូវបានល្បួង-បោកបញ្ឆោត ឲ្យមកធ្វើការខុសច្បាប់ នៅកម្ពុជា (Video)

ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ បានចេញមកបំភ្លឺ ទៅលើរបាយការណ៍មួយចំនួន ទាក់ទងនឹងករណីជនបរទេស ដែលត្រូវបានល្បួងនិងបោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ។

ក្រសួងថា ជាពិសេសមានការផ្សាយថា ករណីជួញដូរមនុស្សនេះមានភាពធ្ងន់ធ្ងរ និងមានស្ថានភាពអាក្រក់។

ចំពោះករណីនេះ ក្រសួងការបរទេសខ្មែរតាមរយៈសេចក្តីថ្លែងការណ៍នាថ្ងៃ៩ កញ្ញា អះអាងថា បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះ ក្នុងការប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ ។

អ្នកនាំពាក្យក្រសួងក៏បញ្ជាក់ពីភាពស្អាតស្អំបន្តថា ស្ថានភាពជួញដូរមនុស្សនៅកម្ពុជាមិនធ្ងន់ធ្ងរ និងអាក្រក់ដូចការលើកឡើងរបស់មនុស្សចំនួនទេ ព្រោះកម្ពុជាកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់ ។

សម្តេច ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ធ្លាប់បានលើកឡើងថា បញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវ យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាដែរ។ ក្រោយពីសម្តេច ស ខេង បញ្ជាបើកប្រតិបត្តិការត្រួតពិនិត្យ ការរស់នៅជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីទូត គឺបានឃាត់ខ្លួនមេក្លោងជួញដូរមនុស្ស និងសង្គ្រោះជនរងគ្រោះមួយចំនួនទៀតផងដែរ។

សូមរំលឹកថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសបានចំនួន៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។ ដោយឡែក នាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ សរុបចំនួន៧ករណី សង្គ្រោះជនរងគ្រោះ សរុបចំនួន២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ៕

ខាងក្រោមនេះជាខ្លឹមសារលម្អិត នៃសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ៖

To Top