ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ដល់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូនជាដើម។ គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានប្រមាណជាជិត១ឆ្នាំហើយ ដោយមិនទាន់មានសញ្ញាវិជ្ជមានណាមួយ ក្នុងការបញ្ចប់នៅឡើយទេ។

ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ជាការពិតស្របពេលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល នៅមានភាពផុយស្រួយ និងងាយបែកខ្ញែក។

សម្ដេចតេជោបញ្ជាក់ថា «ជាក់ស្ដែង ការបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងវិស័យទំនិញម្ហូបអាហារ»។

សម្ដេចតេជោបន្ថែមថា ភាពតានតឹងនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកល។ សម្ដេចថា បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ។ការណ៍នេះ ទាមទារឲ្យមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល៕

To Top