ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ អាស៊ាន ត្រូវបញ្ចៀសឲ្យបាននូវភ្លើងសង្គ្រាម គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា អាស៊ាន ត្រូវបញ្ចៀសឲ្យបាននូវភ្លើងសង្គ្រាម គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ខណៈកម្ពុជា ជាប្រទេសធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាមនេះឯង។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថា បើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និងសុខសន្តិភាពពេញលេញ។

សម្ដេចតេជោបញ្ជាក់ថា «ក្នុងន័យនេះ អាស៊ាន ត្រូវបញ្ចៀស ឲ្យបាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន។ កម្ពុជាដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹកយ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ»។

សម្ដេចតេជោ បន្ដថា ក្នុងបរិការណ៍ប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្ដៅគគុក អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូនិងត្រូវរួមគ្នាធានាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ បន្ថែមលើនេះ អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល។

សម្ដេចតេជោ បន្ថែមថា ដើម្បីសម្រេចបានការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន អាស៊ានត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជីវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ និងការផ្ដល់នូវការគាំទ្រឲ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការ អនុវត្ត និងទាញយកប្រយោជន៍ឲ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ជាពិសេស «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)» ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត សកលលោក។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី លើកឡើងថា អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចសំដៅ បំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ ។

សម្ដេចតេជោ បន្ដទៀតថា អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឲ្យបានជា អតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា៖ សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្មដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ៕

To Top