ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្លឹបសេដ្ឋកិច្ចអាស៊ាន នឹងដើរតួនាទីសំខាន់ លើកកម្ពស់សេដ្ឋកិច្ចអាស៊ាន កាន់តែជិតស្និទ្ធ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា ក្លឹបសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Club នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឲ្យកាន់តែជិតស្និទ្ធ។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ាន ដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ ប្រកាសបើកជាផ្លូវការនូវក្លឹបសេដ្ឋកិច្ចអាស៊ាន ក្លឹបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឲ្យកាន់តែជិតស្និទ្ធ តាមរយៈការចូលរួមតាមដាន, វាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ លើការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងដ៏ទៃពាក់ព័ន្ធនឹងសរសរស្ដម្ភសេដ្ឋកិច្ច»។

សម្ដេចតេជោ លើកឡើងទៀតថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងនយោបាយ ជាមួយ ប្រទេសជាមិត្ត, ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

សម្ដេចតេជោ បន្ថែមថា កម្ពុជា ចង់ឃើញតំបន់អាស៊ាន ក៏ដូចជា សកលលោកទាំងមូល មានសុខសន្តិភាព, ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ ជាមួយនឹងការគោរព អធិបតេយ្យភាពនៃប្រទេសនីមួយៗ៕

To Top