ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាមនិងឡាវ ចាប់ពីថ្ងៃទី១២-១៦ ខែកញ្ញា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេស។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី១២-១៤ កញ្ញា ។ ក្នុងនោះសម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម និងចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលរដ្ឋនិងបក្ស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មួយចំនួនទៀត។

បន្ទាប់មក គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាដឹកនាំដោយ សម្តេច ហេង សំរិន នឹងបន្តដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅឡាវ ពីថ្ងៃទី១៤-១៦ កញ្ញា ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជា នីតិប្រតិបត្តិនៃកម្ពុជា-វៀតណាម និងឡាវឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង៕
