ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវអភិវឌ្ឍន៍កែប្រែ តំបន់ភូមិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពីតំបន់ជនបទ ឲ្យទៅជាទីក្រុងមួយ នាថ្ងៃអនាគត។
នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋ ស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ មកតាំងលំនៅឋានថ្មី ស្ថិតនៅភូមិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងមួយគ្រួសារ ១លាន ៤សែនរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈសាងសង់ផ្ទះមួយចំនួនទៀត។
លើសពីនេះ សម្ដេចតេជោ បានប្រកាសផ្ដល់ជូនប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ ជូនប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅភូមិរុនតាឯក។ សម្ដេចថា ការឧបត្ថម្ភទាំងឡាយទាំងពួងរួមទាំងផ្តល់ទីតាំងរស់នៅថ្មីនៅតំបន់រុនតាឯក គឺសម្រាប់តែប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់នៅក្នុងតំបន់អង្គរតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ ពលរដ្ឋ មកប្រមូលផ្តុំគ្នានៅចំការរបស់លោក ខឹម វាសនា គឺមិនផ្តល់ឲ្យឡើយ។
សម្ដេចតេជោ ក៏បានប្រកាសកសាងនៅភូមិរុនតាឯក ដូចជា ៖ សាលារៀន (កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ)បន្ថែមពីលើសាលាបឋមសិក្សា មន្ទីរពេទ្យ ទឹកស្អាត ផ្លូវ ប្រព័ន្ធលូ ផ្សារ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត។ សម្ដេចថា ការអភិវឌ្ឍនៅតំបន់រុនតាឯកនេះ នឹងត្រូវប្រើប្រាស់រយៈពេល១០ឆ្នាំ ក្នុងគោលនយោបាយអភិវឌ្ឍន៍ ភូមិរុនតាឯកនេះ។
សម្ដេចតេជោបញ្ជាក់ថា «ធ្វើរុនតាឯក ធ្វើជាកូនក្រុងមួយថ្ងៃក្រោយ ក្រុងរុនតាឯក»។ សម្ដេចបន្ដថា តំបន់នេះ មានប្រជាជនកម្ពុជា រាប់ពាន់គ្រួសារ អាចធ្វើជាកូនក្រុងបាននាពេលអនាគត។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី៕