ភ្នំពេញ ៖ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលកំពុងដំណើរការសាងសង់ថ្មី ស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប សម្រេចបានប្រមាណជាង៤០% គិតមកត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។ នេះបើតាមការចេញផ្សាយរបស់ AKP ក្នុងឱកាសលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា ដឹកនាំក្រុមការងារធ្វើទស្សនកិច្ច និង ពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋាន អន្ដរជាតិសៀមរាបអង្គរ ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាបនេះ មានចម្ងាយប្រមាណជា៥១គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបាន ការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាន នៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តនេះ បានបើកការដ្ឋានសាងសង់ កាលពីពាក់កណ្តាល ខែមីនា ឆ្នាំ២០២០។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា អាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់។ អាកាសយានដ្ឋាន អន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ ក្រោយពេលគម្រោងប្រតិបត្តិការនេះ ត្រូវបានបញ្ចប់ នឹងត្រូវប្រគល់ជូន រាជរដ្ឋាភិបាលកម្ពុជា៕

