ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានបន្ដបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ដ្រ និងផែនការសកម្មភាពជាតិ ព្រមទាំងផែនការអភិវឌ្ឍ។
យោងតាមសេចក្ដីប្រកាសរួមរបស់ក្រសួងទាំង២ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សត្រៀមខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុឲ្យកាន់តែទូលំទូលាយ និងការរៀបចំការបណ្ដុះបណ្ដាលទទួលបានលទ្ធផលល្អប្រសើរ ក្រសួងអប់រំ និងក្រសួងបរិស្ថាន បានរួមគ្នាដាក់ ចេញនូវគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ។
ក្រសួងទាំង២បញ្ជាក់ថា «បន្តបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ ព្រមទាំងផែនការអភិវឌ្ឍ និងផែនការថវិកា ក្នុងវិស័យអប់រំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
ក្រសួងទាំង២បន្ដថា ចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដើម្បីលើកកម្ពស់ការបណ្ដុះបណ្តាល ការផ្សព្វផ្សាយ និងកសាងសមត្ថភាពស្តីពីប្រែប្រួលអាកាសធាតុ នៅតាមគ្រឹះស្ថានអប់រំគ្រប់លំដាប់ថ្នាក់បង្រៀន។ ព្រមទាំងបន្តបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ទៅក្នុងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា (កម្មវិធីសិក្សារបស់សាកលវិទ្យាល័យ) ជាពិសេសការបង្កើតមុខវិជ្ជា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ស្តីពី «ការប្រែប្រួលអាកាសធាតុ»៕