នយោបាយ

លោក ហ៊ុន ម៉ាណែត ជំរុញលោក សម រង្ស៊ី ជ្រើសយុវជនដែលខ្លួនគាំទ្រ មកប្រកួតគ្នា ជៀសជាងវាយប្រហារ អ្នកនយោបាយជំនាន់ក្រោយ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបេក្ខជនបន្តវេន នាយករដ្ឋមន្ត្រីនាថ្ងៃអនាគត បានជំរុញឲ្យលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង នៅក្រៅប្រទេស ឲ្យជ្រើសរើសយុវជនក្នុងបក្សដែលខ្លួនគាំទ្រ (ភ្លើងទៀន) មកប្រកួតប្រជែង ជៀសជាងវាយប្រហារ អ្នកនយោបាយជំនាន់ក្រោយ ដូចករណីរូបលោក (ម៉ាណែត) ។

ការចេញមុខឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី និងបក្ខពួក តែងតែបើកការវាយប្រហារ មើលងាយ លើបេក្ខជនបន្តវេននាយករដ្ឋមន្ត្រីនាអនាគត របស់គណបក្សប្រជាជនកម្ពុជាដូចជា “ចោទប្រកាន់ថា កាលដែលគណបក្សប្រជាជនកម្ពុជា បានជ្រើសរើសយករូបខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត គឺធ្វើឲ្យបាត់ឱកាស យុវជនផ្សេងទៀតជាច្រើន , ជាមនុស្សមានអាយុក្មេងមិនដឹងអី, ជាមនុស្សមិនរីកចម្រើន ព្រោះនិយាយតែពីអតីតកាល និងគ្មានស្នាដៃអ្វីទាំងអស់”។

តាមរយៈវីដេអូឃ្លីបជាង១០នាទី លោក ហ៊ុន ម៉ាណែត បានផ្ដាំទៅកាន់លោក សម រង្ស៊ី ត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ ក្នុងការវាយប្រហារលើរូបលោក ដែលជាអ្នកនយោបាយជំនាន់ក្រោយ និងជាបេក្ខជនបន្តវេន នាយករដ្ឋមន្ត្រី នាអនាគត របស់គណបក្សប្រជាជន។

លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា នៅកម្ពុជា មានសមាសភាព និងអ្នកមានសមត្ថភាពច្រើន ទាំងក្នុងគណបក្សប្រជាជនកម្ពុជា និងបក្សនយោបាយនានា ប៉ុន្តែអាស្រ័យទៅលើបក្ស ជាអ្នកបោះឆ្នោតសម្រេចជ្រើសរើស បេក្ខភាពនាយករដ្ឋមន្រ្តី។

លោកគូសបញ្ជាក់ថា “បើគាត់ (សម រង្ស៊ី) ចង់ផ្ដល់ឱកាសដល់យុវជនដ៏ទៃទៀត ចុះក្នុងបក្សគាត់មិនឲ្យឈរ ធ្វើនាយករដ្ឋមន្រ្តីទៅ បក្សដែលគាត់គាំទ្រ (ភ្លើងទៀន) ចាំបាច់ឲ្យចាស់ៗ ធ្វើអីទៀត”។

ក្នុងឱកាសនេះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងឈ្មោះ អ្នកនយោបាយជំនាន់ក្រោយ ដែលបានឈរឈ្មោះបង្កើតបក្ស សម្រាប់ការប្រកួតប្រជែង ធ្វើនាយករដ្ឋមន្រ្តីផងដែរ ក្នុងនោះមាន ប្រធានគណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ ជាដើម៕

To Top