ភ្មំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រនូវប្រសាសន៍អំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ «អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។
ការអំពាវនាវរបស់សម្ដេច ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា «សូមលើកទឹកចិត្តដល់សមាជិករបស់សមាគមទាំងអស់ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅមកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបន្ដថា កាយវិការនេះគឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរដែលជាបេតិកភណ្ឌ័ពិភពលោក និងមនុស្សជាតិ៕