នយោបាយ

សម្ដេចតេជោ ៖ ការដាក់ទណ្ឌកម្មលើរុស្ស៊ី ប៉ះពាល់សេដ្ឋកិច្ច ក្នុងតំបន់ និងកម្ពុជា (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់គណៈប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានថា ការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី មិនប៉ះពាល់តែសេដ្ឋកិច្ច នៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែបានប៉ះពាល់ ដល់សេដ្ឋកិច្ចក្នុងតំបន់ និងប្រទេសកម្ពុជា។

នាឱកាសអនុញ្ញាតឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោកស្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេ ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជា បើកប្រទេសឡើងវិញ និងបើកកិច្ចប្រជុំកំពូលរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទឹកដីអង្គរខេត្តសៀមរាប នាពេលនេះ សបញ្ជាក់ឲ្យឃើញថា កូវីដ-១៩ មិនមែនជាបញ្ហា ទៀតនោះទេ ។

សម្ដេចតេជោថ្លែងទៀតថា «អ្វីជាបញ្ហានៅពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែន ជាបញ្ហាមួយ ប៉ុន្តែភាពច្របូកច្របល់ ផ្នែកសេដ្ឋកិច្ចជាបញ្ហាមួយទៀត ដែលបង្កឡើង ដោយការដាក់ ទណ្ឌកម្មទៅលើ ប្រទេសរុស្ស៊ី ដោយទណ្ឌកម្មទាំងអស់នោះ មិនប៉ះពាល់តែសេដ្ឋកិច្ច នៅអឺរ៉ុបប៉ុណ្ណោះទេ គឺប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និង ក្នុងប្រទេសកម្ពុជាផងដែរ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈនេះ បានរំលេចចេញនៅកាលានុវត្តភាពខាងសេដ្ឋកិច្ច ពីការកើនឡើងលើវិស័យ ពាណិជ្ជកម្មក្នុងតំបន់ ជាអាទិ៍ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ពាណិជ្ជកម្មរវាងកម្ពុជានិងឡាវ និងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្នុងតំបន់មួយចំនួនទៀត មានការកើនឡើង ។

ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់ឲ្យប្រតិភូទាំងមូល នូវអនុសាសន៍ឲ្យមានការពង្រីកបន្ថែម នៃការធ្វើពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌអាស្តា ដែលជាពាណិជ្ជកម្មបំពេញ ឲ្យគ្នាទៅវិញទៅមក ជាមួយនឹងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសដទៃទៀត រួមទាំងក្នុងក្របខណ្ឌអាស៊ឹម (ASEM) ផងដែរ៕

To Top