ព័ត៌មានជាតិ

ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ណែនាំឲ្យសមាជិក រក្សារសន្តិភាព ដែលធ្វើឲ្យមានអ្វីៗគ្រប់យ៉ាង រួមទាំងសមភាព យេនឌ័រ

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២២ នៅសាលប្រជុំ យៀកថៃ ក្រុងកំពង់ចាម លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគម បានណែនាំដល់សមាជិក ទាំងអស់ឲ្យរក្សាសុខសន្តិភាព ដែលធ្វើឲ្យមានអ្វីៗគ្រប់យ៉ាង រួមទាំងសមភាពយេនឌ័រផងដែរ ។

លោកស្រី ញូង ចរិយា បានបន្តថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់រាជរដ្ឋាភិបាល ប្រទេសមួយ មានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាព របស់ប្រជាជន ។ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាង រួមទាំងសមភាពយេនឌ័រ នឹងត្រូវបាត់បង់។ ដូច្នេះ សន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍ ។

លោកស្រីប្រធានបន្តថា ជាក់ស្តែងបន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យដោយនយោបាយ “ឈ្នះ ឈ្នះ” ដែលផ្តួចផ្តើម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានការប្រែប្រួល និងរីកចម្រើនជាលំដាប់ ដោយបោះជំហានយ៉ាងជឿជាក់ លើមាគ៌ានៃការអភិវឌ្ឍន៍ លើគ្រប់វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាង។

លោកស្រីប្រធាន បានយកឱកាសនោះ សំណូមពរដល់ថ្នាក់ដឹកនាំ សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សូមយកចិត្តទុកដាក់ផ្តោតលើការងារសំខាន់ មួយចំនួនដូចខាងក្រោម ៖

បង្កើនការថែទាំសុខភាព ដោយគោរពតាមគោលការណ៍ អនាម័យ របស់ក្រសួងសុខាភិបាលជាប្រចាំ។ ព្រោះថា ការវិវត្តន៍នៃជំងឺ និងរោគាទាំងឡាយ នៅតែមានការប្រែប្រួលឥតឈប់ឈរ ។

បន្តអនុវត្តឲ្យបានជោគជ័យ នូវទិសដៅការងារឆ្នាំ២០២២ របស់សាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម។

ពង្រឹងរចនាសម្ព័ន្ធរក្សាស្មារតីសាមគ្គីភាពឯកភាព ផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ។ជាមួយនេះ ត្រូវបន្តឱ្យមានការបណ្តុះបណ្តាល បំប៉នសមត្ថភាព ដល់សមាជិកាសមាគមននារី និងអនុសាខាក្រុង/ស្រុក ដើម្បីលើក កម្ពស់សមត្ថភាពការយល់ដឹង ដើម្បីដឹកនាំអនុវត្តឱ្យបានចំទិសដៅ។

ចូលរួមបង់វិភាគទានឲ្យបានទៀងទាត់ និងធ្វើបច្ចុប្បន្នភាពសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត។

ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងផ្នែកជំនាញនិងបច្ចេកទេស (ប្រព័ន្ធតេឡេក្រាម និងបណ្តាញសង្គម) ដើម្បីជាផលប្រយោជន៍ និងឆ្លើយតបនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសស្ត្រី និងកុមារី ។

រក្សាទំនាក់ទំនង និងជិតស្និទ្ធជា មួយប្រជាពលរដ្ឋ ពង្រីកទំនាក់ទំនងល្អជាមួយបងប្អូននារី ដើម្បីពង្រឹងសតិអារម្មណ៍ ពិសេសបង្កើនគុណភាព ប្រសិទ្ធិភាពអប់រំដល់សិស្សា នុសិស្សនិស្សិតនៅគ្រប់គ្រឹ:ស្ថានសិក្សា ដើម្បីប្រែក្លាយ ធនធានមនុស្សកម្ពុជា ក្លាយជាមនុស្សពេញលេញ ដែលជួយដល់ការអភិវឌ្ឍន៍សង្គម ពិសេសផែនការយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលឆ្នាំ ២០៣០-២០៥០ ៕

To Top