ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្តេជ្ញាឲ្យកងទ័ពប្រទេសទាំងពីរកម្ពុជា-ឡាវបន្តសហការរួមគ្នា ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនង ឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ការប្តេជ្ញាជាមិត្តល្អ រហូតដល់ជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនេះ ដើម្បីឈានទៅដល់ការពង្រឹង ពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងកិច្ចការតំបន់ និងអន្តរជាតិ និងបន្តគាំទ្រគ្នាទៅវិញ ទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ការលើកឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន របស់សម្តេច ទៀ បាញ់នាថ្ងៃ១៤ កញ្ញានេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងវៀងចន្ទន៍ ប្រទេសទ្បាវ ហើយក៏បានឆ្លៀត ជួបពិភាក្សា ជាមួយរដ្ឋមន្រ្តីការពារជាតិឡាវ ៕


