ព័ត៌មានជាតិ

ប.ស.ស. កម្ពុជា បើកជំនួបពិភាក្សាការងារជាមួយ អង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថាៈ ការបន្តអនុស្សរណៈ នៃការយោគយល់គ្នា រវាងអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃព្រះរាជាណាចក្រកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការល្អ ដើម្បីបង្កើននូវជំនាញទំនាក់ទំនង រវាង ប.ស.ស. និងអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ  និងការផ្ទេរប្រតិបត្តិការទាក់ទង និងចំណេះដឹង ទៅលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ជាមួយការជួយសម្រួលដល់ដំណើរការរៀនសូត្រ ដែល ប.ស.ស. អាចអភិវឌ្ឍស្ថាប័នរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមរយៈឧទាហរណ៍ជាក់ស្តែង និងបទពិសោធន៍អនុវត្ត ដែលត្រូវបានផ្តល់ដោយដៃគូសហការដែលមានបទពិសោធន៍។

ការថ្លែងឡើងនេះ ក្នុងឱកាសដែល លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ផ្ដល់កិត្តិយសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក In-Ju Baek ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងគណៈប្រតិភូ នៃអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) និង KPMG នៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ អង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុន KPMG  មកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងឈ្វេងយល់បឋមអំពី ប្រព័ន្ធធានារ៉ាប់រងសុខភាពនៅកម្ពុជា។

នាឱកាសជំនួបនោះដែរ លោកបណ្ឌិត អគ្គនាយករង ប.ស.ស. បានលើកឡើង ពីការគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណ ដល់គណៈប្រតិភូនៃអង្គភាព NHIS ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា សម្រាប់គម្រោងពិគ្រោះយោបល់ស្តីពី “ការគាំទ្រប្រព័ន្ធគ្រប់គ្រងហានិភ័យ ហិរញ្ញវត្ថុអាស៊ានដែលអាចបត់បែនបាន (ASEAN Adaptive Financial Risk Management System Support)” ក្នុងគោលបំណងជួយដល់រដ្ឋជាសមាជិកអាស៊ាន ក្នុងការគ្រប់គ្រងហានិភ័យ ហិរញ្ញវត្ថុ នៃរបបធានារ៉ាប់រងសុខភាពជាតិ ដោយផ្អែកលើទិន្នន័យ និងព័ត៌មានវិទ្យា។

លោកបណ្ឌិត អគ្គនាយករង ប.ស.ស.  ក៏បានស្នើឱ្យគ្រប់នាយកដ្ឋានពាក់ព័ន្ធនៃ ប.ស.ស. ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍គ្នា ជាមួយគណៈប្រតិភូនៃអង្គភាព NHIS និង KPMG ក្នុងការសិក្សាសម្រាប់គម្រោងខាងលើ ប្រកបដោយភាពជាដៃគូ និង យកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបង្កើនការរួមចំណែកការពារ ផលប្រយោជន៍របស់កម្មករនិយោជិត និងដើម្បីពង្រឹងទំនាក់ទំនង រវាងអង្គភាពទាំងពីរ លើផ្នែកមួយនេះ ឱ្យបានកាន់តែប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក In-Ju Baek  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ប.ស.ស. កម្ពុជា ដែលបានអនុញ្ញាត ឱ្យគណៈប្រតិភូ នៃអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) និងក្រុមហ៊ុន KPMG នៃសាធារណរដ្ឋកូរ៉េ ចូលរួមកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់ដើម្បីជាធាតុចូលសម្រាប់ការអនុវត្ត គម្រោងពិគ្រោះយោបល់ខាងលើ  ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចសិក្សានេះ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំ និងដំណើរទស្សនៈកិច្ចសិក្សាខាងលើ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមាន អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងគណៈប្រតិភូនៃអង្គភាព NHIS និង KPMG នៃសាធារណរដ្ឋកូរ៉េជាច្រើនរូប៕

To Top