ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការកើនឡើង នៃសេចក្ដីត្រូវការថាមពល និងថ្លៃប្រេងឥន្ធនៈ កំពុងបង្កឲ្យមានអតិផរណា ខ្ពស់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការកើនឡើង នៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ កំពុងបង្កឲ្យមានអតិផរណាខ្ពស់ ស្របពេលការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ ពីសំណាក់ធនាគារកណ្ដាល នៃបណ្ដាប្រទេសជាច្រើន ។

នាឱកាសអញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល ៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» តាមប្រព័ន្ធវិដេអូ នាថ្ងៃ១៥ កញ្ញា សម្ដេចតេជោ មានប្រសាសន៍ថា ថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ ក្នុងកម្រិតមួយ ហើយបណ្តាប្រទេសនានានៅជុំវិញពិភពលោក បានបើកដំណើរការសង្គម-សេដ្ឋកិច្ចពេញលេញ ជាបណ្តើរៗ ក៏ដោយ ក៏ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួលនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់។

សម្ដេចតេជោបញ្ជាក់ថា «ជាក់ស្ដែង ការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឲ្យមានអតិផរណាខ្ពស់ ស្របពេលដែលការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុពីសំណាក់ធនាគារកណ្ដាល នៃបណ្ដាប្រទេសជាច្រើន បានដាក់សម្ពាធបន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល»។

សម្ដេចតេជោបន្ដថា ជាមួយគ្នានេះដែរ ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឲ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងការធ្លាក់ចុះដ៏គួរព្រួយបារម្ភនៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល។

សម្ដេចតេជោបន្ថែមថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល ចាំបាច់ត្រូវយកចិត្តទុកដាក់លើអន្តរកាលថាមពល ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងភាពរឹងមាំ៕

To Top