ព័ត៌មានជាតិ

សម្ដេចតេជោ៖ ជាប្រធានអាស៊ាន កម្ពុជានឹងរួមចំណែកបង្កើតគំនិតថ្មីៗ ជំរុញគម្រោងអន្ដរកាលថាមពល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានឆ្នាំ២០២២ ប្តេជ្ញាថា កម្ពុជានឹងបន្តចូលរួមចំណែក បង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងជំរុញបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរ កាលថាមពល ក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នាឱកាសអញ្ជើញបើក កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ាន ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ នាថ្ងៃ១៥ កញ្ញា សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងនាមជាប្រធាននៅក្នុងឆ្នាំ២០២២ នេះ កម្ពុជានឹងបន្តចូលរួមចំណែក បង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងជំរុញការចូលរួមបន្ថែម លើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត»។

ក្នុងស្មារតីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកជាយោបល់ពាក់ព័ន្ធ នឹងគំនិតផ្តួចផ្តើមចំនួន ៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ ដូចខាងក្រោម៖

ទី១-ជំរុញការអនុវត្តការតភ្ជាប់ ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាម បណ្តាប្រទេសអាស៊ាន ដោយត្រូវពន្លឿនបន្ថែមការងារសំខាន់ៗ ដែលនៅសេសសល់ ទាំងការងារបច្ចេកទេស និងការរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីឆ្ពោះទៅរកការធ្វើសុខដុម នីយកម្មក្របខណ្ឌបញ្ញត្តិកម្ម និងស្តង់ដារបច្ចេកទេស និងសម្រេចឲ្យបានការតភ្ជាប់ថាមពលអគ្គិសនី ក្នុងតំបន់។

ទី២-ជំរុញការអនុវត្តគោលនយោបាយច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត កិច្ចការពារ បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិឲ្យបានជាអតិបរមា តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកដល់ការ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងឈានទៅរកអព្យាក្រឹត្យភាពកាបូន។

ទី៣-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពល អគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឲ្យគ្នាទៅវិញទៅមក ផ្លាស់ប្ដូរ ពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មី និងបង្កើនប្រភពហិរញ្ញប្បទាន។

និងទី៤-ចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចបានផែនការ សកម្មភាពនៃកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន ឆ្នាំ២០២១-២០២៥ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top