ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខបុរសម្នាក់ ពាក់ព័ន្ធនឹងការចាប់រំលោភ ក្មេងស្រីម្នាក់អាយុ ១៣ឆ្នាំ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធការចាប់ រំលោភសេពសន្ថវ: ក្មេងស្រីម្នាក់មានអាយុ ១៣ ឆ្នាំ ប្រព្រឹត្តនៅនៅខេត្តកំពង់ឆ្នាំង កាលពី ឆ្នាំ ២០១៥។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ សេក សារ៉េត ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិត្អួររលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ចំណែកឯ ជនរងគ្រោះ ជាកុមារីម្នាក់ ដែលមានអាយុ ១៣ ឆ្នាំ មានទីលំនៅ ភូមិក្លែងពណ៌ ឃុំ ត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ សេក សារ៉េត ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ផ្តន្ទាទោស ដាក់គុក កំណត់ ៧ឆ្នាំ ពីបទ រំលោភសេពសន្ថវ: មានស្ថានទម្ងន់ទោស តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅខេត្តកំពង់ឆ្នាំង តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ តាមបណ្តឹងរបស់កុមារីរងគ្រោះ។

គួរបញ្ជាក់ថា: នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ សេក សាវ៉េតបានទទួលស្គាល់កំហុស ហើយគាត់បាន សុំអោយ តុលាការកំពូល មេត្តាជួយជួយបន្ធូរបន្ថយ ទោស ដល់គាត់ខ្លះផង ដើម្បីឆាប់បានវិលត្រឡប់ជួបជុំគ្រួសារវិញ។

តុលាការកំពូលនឹងប្រកាស សាលដីកា លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ៕

ដោយ: លីហ្សា

To Top