ភ្នំពេញ: លោកកុល កំពូល ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស កំបាំងមុខ បុរសជាពាណិជ្ជករម្នាក់ ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥ លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោកប្រាក់ ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៦ និង ២០១៧។
លោកចៅក្រម ក៏បានបង្គាប់ឲ្យ ជនជាប់ចោទ ត្រូវសងប្រាក់ជំពាក់ ចំនួន ១៧ ម៉ឺន ៩ ពាន់ដុល្លារអាមេរិក ទៅភាគី ដើមបណ្ដឹង និង ចេញដីកា បង្គាប់ឲ្យ ចាប់ខ្លួន ជនជាប់ចោទ ដើម្បីនាំខ្លួន យក មក ផ្តន្ទាទោស តាមអំណាច នៃ សាលក្រម តុលាការ ខាងលើនេះ។
លោកចៅក្រម កុល កំពូល បានថ្លែងឱ្យដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ ឳ សុខុម ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ត្រូវជាប់ចោទពីបទ: ឆបោក តាមបញ្ញត្តិ មាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ៕
ដោយ: លីហ្សា