ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើធនាគារវិនិយោគអឺរ៉ុប (European Investment Bank – EIB) បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយៈចូលរួមជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង។ នេះយោងតាមសេក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។
![](https://dap-news.com/wp-content/uploads/2022/09/photo_2022-09-15_11-07-29-1024x576.jpg)
នាឱកាសទទួលជួបលោក Kriss Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (European Investment Bank – EIB) នាពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ នេះ បាននិងកំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ការពង្រឹងសក្កានុពល នៃចន្ទុល់កំណើន សេដ្ឋកិច្ចរបស់កម្ពុជាឲ្យរស់រវើកឡើង ក៏ដូចជាចាប់យកឲ្យបាននូវ កាលានុវត្តភាពថ្មីដែលកំពុង លេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងដែលកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បីកសាង ភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា។
![](https://dap-news.com/wp-content/uploads/2022/09/photo_2022-09-15_11-07-25-1024x576.jpg)
លោកបញ្ជាក់ថា «សូមថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួមជំរុញកំណើន សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ បច្ចុប្បន្ន ហើយស្នើសុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការ វិនិយោគលើវិស័យអាទិភាព តាមរយៈការចូលរួមជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងការគាំទ្រជំនួយបច្ចេកទេសនានា ជាដើម»។
![](https://dap-news.com/wp-content/uploads/2022/09/photo_2022-09-15_11-07-24-1024x576.jpg)
លោក Kriss Peeters បានលើកឡើងថា EIB បានដាក់សម្ពោធជាផ្លូវ ការនូវការិយាល័យប្រចាំតំបន់របស់ខ្លួន នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីនេះ ហើយ EIB បានត្រៀមរួច ជាស្រេចក្នុងការពង្រឹង សហប្រតិបត្តិការកម្រិតតំបន់ ជាពិសេស ជាមួយកម្ពុជាឲ្យកាន់តែ មានភាពរឹងមាំថែមទៀត៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)