ភ្នំពេញ ៖ លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិល បានលើកឡើងថា កម្ពុជា កំពុងដំណើរការ កម្មវិធីមួយ ដែលអាចគ្រប់គ្រង អ្នកដំណើរជាជនល្មើស ដែលសង្ស័យថា មានហានិភ័យខ្ពស់ ក្នុងការធ្វើដំណើរ តាមផ្លូវអាកាស ជាមួយអ្នកដំណើរធម្មតា ។
ឆ្លើយតបទៅអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល” នាព្រឹកថ្ងៃទី១៦ កញ្ញានេះ លោក ជា អូន បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងបទល្មើស ក្នុងគ្រប់គ្រងសន្តិសុខរបស់អាកាសចរស៊ីវិល រាជរដ្ឋាភិបាលបានបង្កើត នូវប្រព័ន្ធជីតាស hpi ក្នុងការគ្រប់គ្រងជនល្មើស ដែលយើងសង្ស័យថា ជននោះបង្កហានិភ័យខ្ពស់ ក្នុងការហោះហើរ ជាមួយអ្នកដំណើរធម្មតា គឺ ឥឡូវយើងដឹងភ្លាមតែម្ដង ពេលដែលគាត់ checkin នៅប្រទេសណាមួយ គឺយើងនៅភ្នំពេញ យើងដឹងហើយមិនមែនដឹង គ្រប់គ្នាទេ មានតែអង្គភាពចារកម្មទេ ដែលដឹង» ។
លោកបន្ថែមថា កម្មវិធីនេះ គឺក្រសួងសេដ្ឋកិច្ច ជាអ្នកគ្រប់គ្រង ដែលអាការចរស៊ីវិល មានលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានចូលរួមខ្នះខ្នែងយ៉ាងសកម្ម ក្នុងការបង្កើតឲ្យមានកម្មវិធី ក្នុងការគ្រប់គ្រងអ្នកដំណើរជាជនឧក្រិដ្ឋ ឬមានបទល្មើស ដែលសង្ស័យថា មានហានិភ័យខ្ពស់ ក្នុងការធ្វើដំណើរតាមផ្លូវអាកាស ។
លោក ជា អូន គូសបញ្ជាក់ថា នេះជាអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាអាកាសចរស៊ីវិល និងមន្ត្រីជំនាញពាក់ព័ន្ធ បានរៀបចំកម្មវិធីនេះ ហើយបាននិងកំពុងដំណើរ ការកម្មវិធីនេះផងដែរ ៕