ព័ត៌មានជាតិ

ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយសម្តេចតេជោ ជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែង

ភ្នំពេញ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ខែកញ្ញានេះ បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំ ណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនកងទ័ព និងគ្រួសារកងទ័ព ដែលឈរជើងការពារព្រំដែន នៃកងពលធំអន្តរាគមន៍លេខ៣ ទិសប្រាសាទព្រះវិហារ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា ទោះបីស្ថានការណ៍ នៅតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តី តែកងទ័ពមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៍នោះឡើយ គឺតែងពង្រឹងស្មារតី ការពារបូរណភាពទឹកដី មិនឱ្យសត្រូវណា មករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។

លោកឧត្តមសេនីយ៍ បានបន្តថា ដោយមានការយកចិត្តទុកដាក់ ពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាការជួយឧបត្ថម្តគាំទ្រ ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអង្គភាពសម្ព័ន្ធភាព បានធ្វើឲ្យជីវភាពកងទ័ពនិងគ្រួសារកងទ័ព កាន់តែមានភាពល្អប្រសើរ។

ក្នុងនោះ លោក កើត ឆែ បានលើកឡើង នូវតម្លៃសន្តិភាព ដែលមានតម្លៃមហាសាល ត្រវតែខិតខំថែទាំការពារ សន្តិភាព ឲ្យបានគង់វង្សថិតថេរ ហើយដើម្បីការពារសន្តិភាពបានយូអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អណត្តិទី៧ និងអណត្តិក្រោយៗទៀត និងគាំទ្របេក្ខភាព លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត ដើម្បីប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍តកូនចៅ រៀងរហូត ។

លោក កើត ឆែ ក៏បានលើងឡើងដែរថា ក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។

លោកបន្តថា ដោយសារតម្លៃនៃសន្តិភាពនេះហើយ ទើបធ្វើឲ្យរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចំរើន គឺសមរភូមិមុខ ជាអ្នកការពារ ឯសមរភូមិក្រោយជាអ្នកអភិវឌ្ឍន៍ ហើយរាជធានីភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភដល់បណ្តាកងឯកភាព ឈរជើងការពារព្រំដែនទិសប្រាសាទព្រះវិហារ ជាបន្តទៅទៀត។

សម្រាប់រដ្ឋបាលរាជធានីភ្នំពេញគិតមកដល់ពេលនេះបានបង្កើតអនុស្សារណៈស្តីពីការចងសម្ពន្ធ័មេត្រីភាពជាមួយអង្គភាពជួរមុខចំនួន២គឺ៖កងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងទី២កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ក្នុងខេត្តស្ទឹងត្រែង ក្នុងស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខក៏ដូចពង្រឹងវប្បធម៌ចែករំលែកផងដែរ។

ចំពោះអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង ដែលត្រូវបាននាំយក ទៅជូនកងទ័ពនាឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរួមមាន៖ សំរាប់កងពលធំអន្តរាគមន៍លេខ៣ចំនួន២០លានរៀល, មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល មេបញ្ជាការងកងពល២០រូប ក្នុងមួយរូបថវិកា២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការង វរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល។ ព្រមទាំង នាយទាហាន ពលទាហាន ថវិកាក្នុងម្នាក់៥ម៉ឺនរៀល ។ សំភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន ៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី ៣០០កេស , ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, រថយន្តសង្រ្គោះ ចំនួន១គ្រឿង។

ដោយឡែក កងពលតូចអន្តរាគមន៍លេខ៩ សំរាប់កងពល ២០លានរៀល និងផ្តល់ថវិកា ដល់នាយទាហ៊ាន និងពលទាហ៊ាន ជាច្រើនរយនាក់ទៀត។ ជាមួយគ្នានេះក៏បានផ្តល់ សំភារៈ និងគ្រឿងឧបភោគ បរិភោគ មាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី៥០០កេស, ទឹកសុទ្ធ៣០០កេស, ទឹកស៊ីអ៊ីវ៦០០យួរ, ប្រេងឆា ១៦០កេស, ត្រីខ ១៦០កេស, ឧបត្ថម្ភរៀបចំ ប្រព័ន្ធបណ្តាញបូមទឹក នៅចំណុចខ្ពស់ជួរមុខ តំបន់មុំ៣ ចំនួន ២ម៉ឺន២ពាន់៩រយ២៥ដុល្លារ៕

To Top