ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន បុរសត្រូវចោទម្នាក់ ដែលជាអតីតមន្ត្រី យោធានៅ “ង-៧០” ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ធ្វើការជំនុំជម្រះ តាមផ្លូវច្បាប់ ជាប់ទាក់ទង់នឹងការបាញ់សម្លាប់ ស្ត្រីលក់ឡេម្នាក់ ដែលត្រូវជា គូរដណ្តឹងរបស់ខ្លួន ដោយសារតែសេចក្តីស្រឡាញ់ និង ប្រច័ណ្ឌនឹង ជនរងគ្រោះ ហួសហេតុ ប្រព្រឹត្តកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ រួចរត់គេច អស់រយៈពេល ជាង២ឆ្នាំ ៧ខែ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ យឺន វ៉ាន់ដេត ភេទប្រុស អាយុ ៣០ ឆ្នាំ និង ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់។

ជនជាប់ចោទ អាចប្រឈមនឹងការជាប់គុក ចន្លោះពី ១០ទៅ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព ដូចការចោទប្រកាន់ខាងលើ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ស៊ុន ឌីណា ភេទ ស្រី អាយុ២៦ឆ្នាំ មុខរបរលក់ឡេ តាមអនឡាញ ឬ ហ៊្វេសប៊ុក ស្នាក់នៅផ្ទះលេខH-03 ផ្លូវលំ នៅក្នុង ក្នុងបុរីរំចេកអូដឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនជាប់ចោទ និង ជនរងគ្រោះ គឺ ជាគូរដណ្តឹងនឹងគ្នា តែពុំទាន់បានរៀបការនឹងគ្នា នៅឡើយទេ។ តែពួកគេបានរួមរស់ជាមួយគ្នា ជាលក្ខណៈប្តីប្រពន្ធ នៅក្នុងបុរីរំចេកអូដឹម ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២២៕
ដោយ: លីហ្សា
