ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សំណង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី គឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ ទាំងបច្ចុប្បន្ន និងទៅអនាគត។
នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ-កម្មការិនី ចំនួន ១៥០០នាក់ កំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង កោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់លឿនជាងផែនការនិងប្រកបដោយគុណភាព ។
សម្ដេចក៏បង្ហាញការពេញចិត្ត និងមានមោទកភាពក្រៃលែងចំពោះដំណើរការសាងសង់អគារថ្មីនេះ ដោយសារសម្ដេចមានទំនុកចិត្តចំពោះគណៈកម្មការដឹកនាំការសាសង់ដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ។ អគារទីស្ដីការក្រសួងថ្មីនេះ ត្រូវបានរចនា និងសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។
សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើយ៉ាងខ្លាំងចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានគិតដល់ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ននិងទៅអនាគត»។
លើសពីនេះ សម្ដេច សង្ឃឹមជឿជាក់ថា គណៈកម្មការសាងសង់ ក្រុមហ៊ុន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករកម្មការិនីទាំងអស់ នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះឲ្យបានរួចរាល់ និងប្រកបដោយគុណភាព។
សូមរំលឹកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់នេះ ដោយមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកា៦០លានដុល្លារ៕