ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោតសរសើរយ៉ាងខ្លាំង ចំពោះនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារយ៉ាងល្អ រហូតទទួលបានការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ក្នុងការចុះជួយអន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្ដល់អំណោយ ជូននគរបាលពន្លត់អគ្គិភ័យ ចំនួន១៤៥នាក់ នាពិធីភ្ជុំបិណ្ឌ នៅការិយាល័យនគរបាល បង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកលោក ឃួង ស្រេង បានលើកឡើងថា កាលពីមុនសម្រាប់ប៉ូលីសអគ្គិភ័យ តែងតែមានការលេចឮ ព័ត៌មានមិនល្អមួយចំនួន ពាក់ព័ន្ធនឹងការចុះអន្តរាគមន៍នៃការពន្លត់ ប៉ុន្តែសម្រាប់ពេលនេះ កម្លាំងប៉ូលីសការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ពិតជាទទួលបានការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលមានអគ្គិភ័យកើតឡើង រថយន្តពន្លត់បានទៅដល់ ទីតាំងកើតហេតុភ្លាមៗ និងបានជួយអន្តរាគមន៍ទាន់ពេលវេលា។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះអំណោយត្រូវប្រគល់ជូន មន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ២កេស និងថវិកាចំនួន៤០ម៉ឺនរៀល៕


