ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ល្បែងស៊ីសង ជាមហារីកសង្គម បើមិនដោះស្រាយ នឹងធ្វើឲ្យបញ្ហាសង្គម កាន់តែស្មុគស្មាញ (Video​​​)

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ល្បែងស៊ីសងខុសច្បាប់ ជាមេរោគមហារីក នៃសង្គមរបស់កម្ពុជា បើមិនដោះស្រាយ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែស្មុគស្មាញបំផុត ដូច្នេះសមត្ថកិច្ចត្រូវបន្ដបង្ក្រាបឲ្យទាន់ពេលវេលា។

ការលើកឡើងរបស់ សម្ដេច ស ខេង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើ អភិបាលរាជធានី-ខេត្ត អភិបាលក្រុង-ស្រុក-ខណ្ឌ រូបណា មិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៊ីសង រីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោ មិនស្ទាក់ស្ទើរ ក្នុងការដកចេញពីមុខ តំណែងឡើយ។

ក្រោយបញ្ចប់កិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង ប្រាប់អ្នកក្រុមអ្នកសារព័ត៌មានថា «ល្បែងស៊ីសង់ខុសច្បាប់ហ្នឹង គឺជាមេរោគមហារីកនៃសង្គម ហើយបើយើងមិនដោះស្រាយអាហ្នឹងទេ គឺមេរោគហ្នឹងកាន់តែរីក ធ្វើឲ្យបញ្ហាសង្គមយើងកាន់ស្មុគស្មាញ។ ឥឡូវនេះ យើងមានយន្តកាល៣ ដែលធ្វើការជាមួយគ្នាហ្នឹង មិនមែនតែបង្ក្រាបល្បែងទេ ចង់និយាយថា សង្គ្រោះជនរងគ្រោះ ហើយបង្ក្រាបល្បែង ហើយនឹងផ្ដន្ទាទោស អ្នកដែលប្រព្រឹត្តបទល្មើស»។

សម្ដេចបន្ដថា មួយវិញទៀត សមត្ថកិច្ចត្រូវបង្កើនការគ្រប់គ្រង ជនបទបរទេសមកកម្ពុជាបានត្រឹមត្រូវច្បាស់លាស់ ត្រូវដឹងថា ពួកគាត់មកធ្វើការក្រុមហ៊ុន នានានៅកម្ពុជា ជៀសវាងធ្លាក់ក្នុងឧបាយកលផ្សេងៗ ។ សម្ដេចថា រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំយ៉ាងច្បាស់លាស់ក្នុងការគ្រប់គ្រងល្បែងស៊ីសង។ សម្ដេច ស ខេង ចាត់ទុកថា «នេះជាការខិតខំ ដើម្បីនឹងពន្លត់ភ្លើង បើយើងមិនដោះស្រាយអាហ្នឹងទេ មេរោគសង្គម នឹងរីក វារាលដាលដល់បទល្មើសផ្សេងៗទៀត»។

សម្ដេច ស ខេង បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យល្បែងស៊ីសង់នេះ ធ្វើឡើងទៅតាមច្បាប់ជាធរមាន ។ សម្ដេចបន្ថែមថា អភិបាលរាជធានី-ខេត្ត ជាអ្នកទទួលបន្ទុកក្នុងបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានរបស់ខ្លួន៕

To Top