ព័ត៌មានជាតិ

ត្រីមាសទី២ ឆ្នាំនេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ផ្តល់ឥណទាន ជាង៨,៧ពាន់លានដុល្លារ ដល់ពលរដ្ឋ២លាននាក់ (Video)

ភ្នំពេញ ៖ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា គិតត្រឹមដំណាច់ត្រីមាសទីពីរ នៃឆ្នាំ២០២២ នេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ បានផ្តល់ឥណទានជាង ៨,៧ ពាន់លានដុល្លារ ដល់ប្រជាជនចំនួនប្រមាណ ២លាននាក់ ។

ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យា នៅកម្ពុជា ស្តីពី «វឌ្ឍនភាព នៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមអធិបតីភាពលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ វឿន បានថ្លែងថា «គិតត្រឹមដំណាច់ត្រីមាសទីពីរ នៃឆ្នាំ២០២២ នេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ដែលជាសមាជិក របស់សមាគម បានបន្តកិច្ចប្រឹងប្រែង ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជនកម្ពុជា ដោយបានផ្តល់នូវឥណទានជាង ៨,៧ ពាន់លានដុល្លារ ដល់ប្រជាជនចំនួន ប្រមាណ២លាននាក់»។

លោកបន្ដថា ខណៈអតិថិជន ប្រាក់បញ្ញើសរុប មានចំនួនជាង២,៦លាននាក់បានដាក់ ប្រាក់បញ្ញើសរុបជាង ៤,៦ ពាន់លានដុល្លារ តាមរយៈបណ្តាញ សាខាជាង ១.០០០ ការិយាល័យ និង មានបុគ្គលិកបម្រើការងារ សរុបជាង ២៩.០០០នាក់ នៅទូទាំងរាជធានី-ខេត្ត ។ ទន្និន័យនេះមិនបានរាប់បញ្ចូល ទិន្នន័យពីធនាគារទាំង៥ ជាសមាជិកនោះទេ។

នាឱកាសនោះ លោក សុខ វឿន បានបញ្ជាក់ថា ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ ហើយតាមរយៈ អនុស្សរណៈយោគយល់ សមាគមទាំងបី នឹងសហការរួមគ្នា ក្នុងការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ ការយល់ដឹងផ្នែក បច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់គំនិត ផ្ដួចផ្ដើមអាជីវកម្ម ប្រកបដោយការទទួលខុស ត្រូវសង្គម និងការកសាងសមត្ថភាព ដែលផ្តោតសំខាន់លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ។

លោក ក៏ជឿជាក់ថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់គ្រឹះស្ថាន ហិរញ្ញវត្ថុប៉ុណ្ណោះទេ តែជាឱកាសថ្មីមួយ សម្រាប់ប្រជាជនកម្ពុជា បានសិក្សា ស្វែងយល់បន្ថែម ពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសជាឱកាសសម្រាប់អ្នកមានអាជីវកម្មថ្មី ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្ត ឲ្យមានប្រសិទ្ធភាព ក្នុងប្រតិបត្តិការ របស់ខ្លួននៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និង បច្ចេកវិទ្យានៃកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តរវាងសមាគមទាំងបី ដើម្បីលើកកម្ពស់បច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការកសាងសមត្ថភាព និង លើកកម្ពស់ប្រព័ន្ធអេកូបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់ការធ្វើធុរកិច្ច នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ។

លើសពីនេះ ការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នានេះ គឺជាតឹកតាងបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមលើកកម្ពស់បន្ថែមទៀតលើការអភិវឌ្ឍ នៃក្របខណ្ឌបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅឆ្ពោះ ទៅរកការអនុវត្តបច្ចេកវិទ្យា និងការបរិវត្តិកម្មឌីជីថល នៅក្នុងប្រទេសកម្ពុជា ដែលគោលដៅនោះគឺសំដៅដល់ ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និង រដ្ឋាភិបាលឌីជីថល។

គួរបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នាបីភាគីនេះ និងក្លាយជានិមត្តិសញ្ញានៃការបន្តការប្តេជ្ញាចិត្តរវាងសមាគមទាំងបី នៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា ។ អនុស្សរណៈយោគយល់គ្នានេះមានរបៀបវារៈសំខាន់ៗរួមមាន ៖ ការសហការដើម្បីបម្រើដល់ដៃ គូនៅក្នុងឧស្សាហកម្ម ចំពោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សហគមន៍ធុរកិច្ចបង្កើតថ្មី នៅកម្ពុជា, ចូលរួមអនុវត្តនិង តាមដាននូវការអនុវត្តក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការសហការរួមគ្នាលើសកម្មភាព នៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព ៕

To Top