ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងផែនការ ជឿជាក់ថា សិក្ខាសាលា ស្ដីពីការប្រើប្រាស់កម្មវិធី Redatam នឹងទទួលបានលទ្ធផលល្អ ប្រសើរសម្រាប់មន្ត្រី

ភ្នំពេញ ៖ លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការ បានបង្ហាញការជឿជាក់ថា សិក្ខាសាលា ស្ដីពីការប្រើប្រាស់កម្មវិធី Redatam សម្រាប់ចងក្រងសៀវភៅកម្រិតទិន្នន័យស្ថិតិកម្ពុជា ដ៏មានអត្ថន័យនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់មន្ត្រី ។

ក្នុងពិធីបើកសិក្ខាសាលា ស្ដីពី «ការប្រើប្រាស់កម្មវិធី Redatam សម្រាប់ចងក្រងសៀវភៅកម្រិត ទិន្នន័យស្ថិតិកម្ពុជាប្រចាំឆ្នាំ» នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក កង សូសាទី បានស្នើដល់មន្ត្រី ដែលចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ សូមមេត្តាយកចិត្តទុកដាក់កម្រិតខ្ពស់ ត្រងត្រាប់ស្តាប់ និងចូលរួមឲ្យសកម្មជាប់លាប់ ទៀងទាត់គ្រប់ៗគ្នា ទៅតាមកម្មវិធី ដែលបានរៀបចំ ចំនួន៤ថ្ងៃ និងសូមចូលរួមសួរដេញដោល តាមរយៈបទពិសោធន៍ ការងារជាក់ស្ដែង ដែលបានជួបប្រទះ ។

លោកសង្ឃឹម និងជឿជាក់ថា «សិក្ខាសាលាដ៏មានអត្ថន័យនេះ នឹងទទួលបានលទ្ធផលល្អ ប្រសើរ សម្រាប់មន្ត្រី ដែលកំពុងចូលរួមនាពេលនេះ ពីសំណាក់វាគ្មិនដែលជាអ្នកមានបទពិសោធន៍ខ្ពស់របស់ វិទ្យាស្ថានជាតិស្ថិតិ ដែលមានលោក ចាន់ សំរិត អនុប្រធាននាយកដ្ឋាន គោលនយោបាយ និងសហប្រតិបត្តិការស្ថិតិ លោក សោម បូនី អនុប្រធាននាយកដ្ឋានប្រជាសាស្ត្រ ជំរឿន និងអង្កេត និងលោក ខៀវ ខេមរិន្ទ អនុប្រធាននាយដ្ឋាន ស្ថិតិសង្គមកិច្ច»។

លោក ក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបានចូលរួមសិក្ខា សាលាកម្រិត បច្ចេកទេសបែបនេះ មន្ត្រីទាំងអស់នឹងប្រែក្លាយការ យល់ដឹងដែលទទួលបាន ឲ្យទៅជាការអនុវត្តជាក់ស្ដែងក្នុង ការងារជំនាញចងក្រងកម្រង ទិន្នន័យស្ថិតិប្រចាំឆ្នាំ ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងអាចបោះពុម្ពបានជា រៀងរាល់ ២ឆ្នាំម្ដងយ៉ាងហោចណាស់ ដើម្បីអាចឆ្លើយតបបានទៅតាមតម្រូវការទិន្នន័យស្ថិតិដែលកំពុងតែកើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះទៅទៀត ក្រុមការងារចងក្រងសៀវភៅ Yearbook និងក្រុមការងារ Redata និង CamStat របស់វិទ្យាស្ថានជាតិស្ថិតិ អាចសម្រេចបានលទ្ធផលល្អ និងទាន់ពេលវេលា ក៏អាស្រ័យទៅលើការផ្គត់ផ្គង់ ទិន្នន័យផ្លូវការបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ពីបណ្តាក្រសួង ស្ថាប័នពាក់ ព័ន្ធផងដែរ៕

To Top