ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហើបឲ្យដឹងថា នាថ្ងៃអនាគត កម្ពុជានឹងអាចមាននាវា បំពាក់ទៅដោយមីស៊ីលបាញ់បានរយៈចម្ងាយឆ្ងាយ ។
ជាមួយគ្នានេះដែរ ទៅមិនឆ្ងាយពីមូលដ្ឋានកងទ័ពជើងទឹករាម សម្ដេច ទៀ បាញ់ ក៏បានលើកឡើងពីកំពង់ផែរាមថា បន្ទាប់ពីទំនើបកម្ម កងទ័ពជើងទឹកសមុទ្ររាម ធ្វើរួចហើយនោះ នឹងមានកិច្ចការដ៏ស្មុគស្មាញ ជាច្រើនទៀតផ្នែកបច្ចេកទេស។ នេះជាការថ្លែងចេញពីទឹកដីនៃខេត្តកំពង់ឆ្នាំង ក្នុងពិធីប្រគល់និងទទួលនូវរថយន្ត និងសម្ភារៈ ដែលជាជំនួយរបស់ក្រសួងការពារប្រទេសចិននាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
សម្ដេច ទៀ បាញ់ បានគូសបញ្ជាក់ថា “បញ្ហាកាន់កាប់និងប្រើប្រាស់ នាវាដែលមានសភាពទំនើប ដែលត្រូវបានបំពាក់នៅក្នុងអនាគត គឺសុទ្ធសឹងតែជារឿងសំខាន់បំផុត! លើកឧទាហរណ៍មួយ ដ៏ខ្លីចុះយើងអាចនិយាយបានថា មីស៊ីល ដែលបំពាក់នៅក្នុងហ្នឹង គឺមិនមែនមើលនឹងភ្នែកឃើញ ហើយចេះតែប៉ាន់ស្មានបាននោះទេ វាត្រូវតាមបច្ចេកវិទ្យាដែលត្រូវបានបំពាក់ ហើយបច្ចេកទេសឥឡូវហ្នឹង វាសុទ្ធតែពឹងដាច់ខាតទៅលើអេឡិចត្រូនិច ទាំងអស់”។
ក្នុងករណីនេះ ប្រមុខការពារជាតិកម្ពុជា បានជំរុញឲ្យកងទ័ពប្រឹងប្រែង ហ្វឹកហាត់ប្រើយុទ្ធោបករណ៍ទំនើបៗ ដើម្បីឲ្យមានប្រសិទ្ធភាព ក្នុងកិច្ចការងារការពារជាតិ។
ជាមួយគ្នានេះ សម្ដេចបានបង្ហាញចំណាប់អារម្មណ៍ ចំពោះអាវុធធន់ធ្ងន់ដែលកម្ពុជាកំពុងរៀបចំ និងបានសិក្សាមួយកម្រិតហើយ ប៉ុន្តែមិនទាន់ដល់កម្រិតមួយ ហៅថាស្ទាត់ជំនាញ ហើយជឿជាក់ដល់គត់មុតបានទេ ដែលចាំបាច់ត្រូវសិក្សាបន្តទៅទៀត។
សម្ដេចបញ្ជាក់ថា “អាវុធទាំងនោះគឺជាជំនួយដ៏សំខាន់សម្រាប់យើង ហើយមិនមែនជាជំនួយជិតនោះទេ គឺជាជំនួយដ៏ឆ្ងាយ រាប់រយគីឡូ ដែលធ្វើឲ្យគូសត្រូវរបស់យើងរាបទៅបាន លុះត្រាដល់តែយើងចេះប្រើគ្រឿងជំនួយ ទាំងនោះផងដែរ”។
ប្រមុខការជាតិកម្ពុជា សង្កត់ធ្ងន់ថា “យើងត្រូវតែយកចិត្តទុកដាក់មែនទែន មិនមែនយកចិត្តទុកដាក់ស្ទើរៗ បានជាដាច់ខាត ត្រូវរៀនឲ្យបានចេះស្ទាត់ ទើបសម្ភារៈដែលជាកម្លាំងជំនួយទាំងនេះ វាមានប្រសិទ្ធភាព សម្រាប់ពេលយើងប្រើប្រាស់ យើងត្រូវរៀនឲ្យចេះប្រើប្រាស់បច្ចេកទេសទំនើបៗនាពេលបច្ចុប្បន្ននេះ”។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានលើកឡើង អំពីបញ្ហាសំខាន់ក្នុងការថែរក្សា សម្ភារៈយោធាទាំងអស់នេះ ផងដែរ៕
