ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ៖ មន្ដ្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ជាទ័ពស្រួច ដើម្បីបុព្វហេតុការពារ ធនធានធម្មជាតិ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ ដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ដែលជាទ័ពស្រួច លះបង់កម្លាំងកាយ-ចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ។

នាឱកាសអញ្ជើញជាអធិបតីភាព នៃការដាំស្ដារព្រៃឈើ ក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការពិនិត្យការចិញ្ចឹម ពូជសត្វក្របី នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរី នាថ្ងៃទី១៩ កញ្ញា លោក សាយ សំអាល់ បានថ្លែងថា សហគមន៍នីមួយៗ គួរមានស្បៀងអាហារហូបគ្រប់គ្រាន់ ជីវភាពកាន់តែល្អប្រសើរ នេះជាកត្តាសំខាន់ ក្នុងការពារធនធានធម្មជាតិ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា « កោតសរសើរដល់មន្ត្រីឧទ្យានុរក្ស និង ប្រជាសហគមន៍ ដែលជាទ័ពស្រួច បានលះបង់កម្លាំងកាយ-ចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារ ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា គ្រប់ជំនាន់»។

លោកបន្ដថា ការដាំស្តារ និង ក្លូនរុក្ខជាតិអាកាស្សានេះ ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ដើម្បីបំពេញ នូវសេចក្តីត្រូវការចំពោះមុខ បន្ថយសម្ពាធលើការប្រើប្រាស់ សម្ភារៈសំណង់ និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការ នៅក្នុងវិស័យ ឧស្សាហកម្មផងដែរ។

គួរបញ្ជាក់ថា ក្រសួង បរិស្ថាន បានរៀបចំផែនការដាំស្ដារព្រៃឈើ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណង បង្កើនគម្របដីព្រៃ ឲ្យបានប្រសើរឡើង និងផ្តល់ជូនមន្ត្រីឧទ្យានុរក្ស នូវចំណេះដឹង បទពិសោធន៍ ក្នុងការធ្វើក្លូនរុក្ខជាតិ ក៏ដូចជាបច្ចេកទេសដាំដុះ និងថែទាំចម្ការឈើដាំ ព្រមទាំងការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយចំណេះដឹង បច្ចេកទេស និង ឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top