ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ប្ដេជ្ញាបន្តកិច្ចប្រតិបត្តិការ និងជំរុញពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកស្រី Ambassador Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានរួមគ្នាប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នាឱកាសទទួលជួបពិភាក្សា ការងារទ្វេភាគីជាមួយលោកស្រី Ambassador Katherine Tai នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបរិចា្ចគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រមាណជាង៣លានដូស ដែលរួមមានវ៉ាក់សាំង Johnson & Johnson និង Pfizer តាមរយៈយន្ដការកូវ៉ាក់ ដៃគូសហការជាមួយអង្គារ UNICEF និង WHO ដល់ប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។

ជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាពិសេស វិស័យសេដ្ឋកិច្ចឌីជីថល ដែលភាគីទាំងពីរកំពុងតែអនុវត្ត ស្ថិតក្រោមកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) រវាងរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ ភាគីទាំងពីរប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យ កាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកស្រី Ambassador Katherine Tai បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជូនចំពោះ លោករដ្ឋមន្រ្តី ក្នុងការផ្ដល់នូវគារវកិច្ច យ៉ាងកក់ក្ដៅជូនចំពោះលោកជំទាវ និងគណៈប្រតិភូអាមេរិក ព្រមទាំងបង្ករលក្ខណៈងាយស្រួល ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ រវាងអាស៊ាន និងអាមេរិក ឱ្យទទួលបាននូវលទ្ធផល យ៉ាងត្រចះត្រចង់ ៕

To Top