ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាង អាមេរិក-ចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ ជាអវិជ្ជមានដល់កំណើន សេដ្ឋកិច្ចសកល។
នាឱកាសអញ្ជើញថ្លែងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញ៉ូវយ៉ក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «បន្ថែមលើនេះ ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការ ប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើន សេដ្ឋកិច្ចសកល»។
សម្ដេចតេជោ បន្ដថា «អាស្រ័យហេតុនេះ ការផ្លាស់ប្តូរជាមូលដ្ឋានទៅមុខ នៃដំណើរការសង្គម សេដ្ឋកិច្ច និងនយោបាយ គឺត្រូវពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក ជាអង្គការស្នួលដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងធានាភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ត្រូវយកចិត្តទុកដាក់កាន់តែខ្លាំង លើគោលនយោបាយឌីជីថល ប្រកប ដោយបរិយាប័ន្ន និងក្របខណ្ឌបទប្បញ្ញត្តិអំណោយផល ដែលនាំទៅរកការវិនិយោគកាន់តែច្រើន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រោះវាមានសារៈសំខាន់សម្រាប់តភ្ជាប់គម្លាតឌីជីថល ដែលកំពុងកើនឡើង និងបង្កើតប្រភពនៃកំណើនថ្មី។
សម្ដេចតេជោ បន្ថែមទៀតថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាផ្នែកមួយមិនអាចខ្វះបានក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង៕